ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅក្នុងសន្និបាតអប់រំ យុវជន និងកីឡាខេត្ត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍ មូលដ្ឋាន ១៣ ចំណុច ដល់មន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ដើម្បីបន្តការងារ ។

លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹង ថាៈ អង្គសន្និបាតមានអ្នកចូលរួម ប្រមាណ២ ​៥៨ នាក់ ក្នុងនោះមានមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា អាជ្ញាធរដែនដី និងតំណាងអង្គការដៃគូអភិវឌ្ឍ វិស័យអប់រំ។ សន្និបាតអប់រំ បានដំណើរការប្រកដោយភាពរស់រវើក ប្រសិទ្ធភាព និងមាន ការចូលរួមពីអ្នកពាក់ព័ន្ធ ដោយមន្ទីរអប់រំបានជ្រើសរើសប្រធានបទសម្រាប់ធ្វើបទបង្ហាញ ដែលមានខ្លឹមសារឆ្លុះបញ្ចាំង ពីការផ្ដល់សេវាអប់រំ ការគ្រប់គ្រងសាលារៀន ការកែលម្អ បរិស្ថានសាលារៀន ការពង្រឹងសកម្មភាពយុវជន និងសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សា។

លោក ខិម តាំងស៊ុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើបទបង្ហាញ អំពីរបាយការណ៍សង្ខេបបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២១- ២០២២ និងលើកទិសដៅ ឆ្នាំសិក្សា២០២២-២០២៣ រួចមក អង្គសន្និបាត បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៥ ដើម្បីចែករំលែកមេរៀន ពិសោធន៍ នៃការអនុវត្តការងារ របស់សាលារៀន។
ប្រធានបទ៖ ១-អនុវិស័យការអប់រំកុមារតូច ប្រធានបទ៖ “.វឌ្ឍនភាពនៃសាលាមត្តេយ្យ សិក្សា គំរូ ២ធ្នូ តាមរយៈការអនុវត្តយុទ្ធសាស្ត សហគមន៍សាលារៀន ” បង្ហាញដោយ លោកស្រី ពេជ នរីផល នាយិកាសាលា។ ២.-អនុវិស័យការអប់រំបឋមសិក ប្រធានបទ៖ “យុទ្ធសាស្ត្រកែលម្អបិរស្ថានសាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាបៃតង” បង្ហាញដោយលោកស្រី រឹម ម៉ៅ នាយិកាសាលាបឋមសិក្សាឈូក”.។ ៣- អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ “មគ្គុទេសក៍អាជីព និងការផ្ដល់ ប្រឹក្សាក្នុងសាលារៀន” បង្ហាញដោយលោក ឆេង អឿន នាយករងវិទ្យាល័យជប់វារី ។
៤-. អនុវិស័យការវិវឌ្ឈរាជន បង្ហាញដោយលោក ប៉េង សំរិទ្ធ គ្រូបង្រៀនវិទ្យាល័យកូប ។
៥- អនុវិស័យកាសជំកាយ និងកីឡា ប្រធានបទ៖ “ការអនុវត្តកម្មវិធីសិក្សាអតិកាយ និងកីឡា នៅគ្រឹះស្ថានបឋមសិក្សាក្នុងម៉ោងសិក្សា បង្ហាញដោយលោក ចាប និ នាយកសាលាបឋមសិក្សាហ៊ុនសែនសូភី ។

លោក ឈួ ប៊ុនរឿង បានបន្តថាៈ ផ្អែកលើរបាយការណ៍ និងបទបង្ហាញ ការពិភាក្សា អនុសាសន៍ មតិយោបល់នានា និងចូលអ្នកចែករំលែកបទពិសោធន៍របស់សមាជិក នៃអង្គសន្និបាត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដាក់ចេញនូវវិធានការ យុទ្ធសាស្ត្រ និងសកម្មភាពអាទិភាព ដែលត្រូវអនុវត្តនៅឆ្នាំនេះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ “ក្នុងនាមថ្នាក់ដឹក នាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស និស្សិត សហគមន៍ និងអាជ្ញាធរដែនដីក្នុងខេត្ត តែងតែយកចិត្តទុកដាក់ចូលរួម ចំណែក ក្នុងវិស័យអប់រំក្នុងឆ្នាំសិក្សាកន្លងមក ” ។

ទន្ទឹមនេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះដៃគូ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលតែងតែសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ទាំងសម្ភារៈ ថវិកា ជួយរៀបចំផែនការសកម្មភាព និងជួយជ្រោមជ្រែង ក្នុងការអនុវត្ត សកម្មភាពការងារ ក្នុងវិស័យអប់រំ ។

នាឱកាសនេះ លោកសូមចូលរួមផ្ដល់នូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋាន ដូចខាងក្រោម៖
១-បន្តពង្រឹងសេវាកម្មកុមារតូច តាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ។
២-ជាខិតខំជំរុញនិងពង្រីកកម្មវិធីអប់រំកុមារតូចឱ្យបានល្អ ដើម្បីបង្កលក្ខណៈសម្បត្តិដល់ កុមារបាន ចូលបន្តការសិក្សាដោយជោគជ័យនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ ៣-គ្រប់គ្រឹះស្ថានត្រូវប្រាកដថា ក្នុងសម័យកាលថ្មីនេះ សាលារៀនត្រូវមានបរិស្ថានស្អាត, មាន ការផ្គត់ផ្គង់ទឹកស្អាត, និងមានបង្គន់អនាម័យសមរម្យ ។
៤-បន្តយកចិត្តទុកដាក់ការពង្រីកកម្មវិធីផ្ដល់អាហារូបករណ៍សម្រាប់សិស្សពូកែ សិស្សជួបការលំបាក ។
៥-ធានាលទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា ផ្នែកភាសាខ្មែរ, គណិតវិទ្យា, វិទ្យាសាស្ត្រ, បច្ចេកទេស, ភាសាបរទេស និងផ្នែកវិទ្យាសាស្ត្រសង្គម ។
៦-អនុវត្តយុទ្ធនាការអក្ខរកម្មជាតិឱ្យបានសកម្មផុលផុស ដើម្បីប្រមូលសិស្សដែល បោះបង់ការសិក្សាកុមារ។
៧-ពង្រាយគ្រូឱ្យបានដល់មូលដ្ឋាន គឺជាការងារអាទិភាពដែលត្រូវធ្វើ ដើម្បីធានាសេវា អប់រំ។
៨-បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា មន្ត្រីគ្រប់គ្រងថ្នាក់មន្ទីរ និងការិយាល័យ អប់រំស្រុក ។
៩-បង្កើនការយកចិត្តទុកដាក់ចំពោះយុវជន ដោយបំផុសនិងជំរុញលក្ខណៈសម្បត្តិ ជាវិជ្ជមាន ។
១០-ពង្រឹងរៀបចំបណ្តាញយុវជនស្ម័គ្រចិត្ត នៅតាមគ្រឹះស្ថានមធ្យមសិក្សា សំដៅប្រមូលផ្តុំ ។
១១-បង្កើនការចូលរៀន និងទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សានុសិស្ស នៅមធ្យមសិក្សា ជំរុញការអនុវត្តកម្មវិធីបំណិនជីវិត ជំនាញបច្ចេកទេស និងជំនាញទន់ តាមមូលដ្ឋាននៅសាលាមធ្យមសិក្សា។
១២-អភិវឌ្ឍសមាគមន៍កីឡាមហាជន និងសមាគមន៍កីឡាសិស្ស និស្សិត ។
១៣-ពង្រឹង និងពង្រីកសកម្មភាពអប់រំកាយ និងកីឡា នៅតាមសាលារៀន៕ V / N