ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការណែនាំដល់គ្រប់មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីខេត្តឱ្យរឹតបន្តឹងការប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ពីការស្រោចស្រពដំណាំស្រូវប្រាំងលើកទី១ធ្វើបានរហូតដល់ជិត៧សែនហិកតាស្មើប្រមាណជា១៣៦ភាគរយនៃផែនការ៤៩៣.០៧០ហិកតា ដើម្បីទុកសម្រាប់ប្រើ ប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងទុកសម្រាប់ស្រោចស្រពស្រូវដើមរដូវវស្សា ខណៈធាតុអាកាសក្នុងរដូវប្រាំងឆ្នាំ២០២៣នេះមានការប្រែប្រួលខ្លាំងដែលអាចនាំទៅដល់ឱ្យមានការរាំងស្ងួត។


លោក ជា សុខនី នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២៣ថា ដោយសារធាតុអាកាស នៅក្នុងរដូប្រាំងឆ្នាំ២០២៣នេះមានការប្រែប្រួលខ្លាំងលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានធ្វើការណែនាំដល់គ្រប់មន្ទីរធនធានទឹករាជធានី ខេត្តឱ្យយកចិត្តទុក ចិត្តទុកដាក់គ្រប់គ្រងទឹកដែលនៅសេសសល់ពីការស្រោចស្រពដំណាំស្រូវប្រាំងលើកទី១ដែលអនុវត្តបានរហូតដល់ជិត៧សែនហិកតា ស្មើប្រមាណជា១៣៦ភាគរយនៃផែនការ៤៩៣.០៧០ហិកតា ឱ្យបានត្រឹមត្រូវដើម្បីទុកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយមិនត្រូវបើកបញ្ចេញឱ្យមានការធ្វើស្រូវប្រាំងលើកទី២ទៀតឡើយ។
នាយករងខុទ្ទកាល័យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតទឹកដែលរក្សាទុកក្រៅពីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគឺទុកសម្រាប់ការងារសាបព្រោះស្រូវដើមរដូវ ដែលដល់ពេលនោះអាចនឹងមានភ្លៀងធ្លាក់មកខ្លះនៅដើមរដូវវស្សា។នៅជិតពាក់កណ្តាលរដូវវវស្សាឆ្នាំ២០២៣តាមការព្យាករអាចនឹងមានកូនរដូវប្រាំងកើតមានឡើងថែមទៀត ដោយហេតុដូច្នេះហើយបានជាលោករដ្ឋមន្ត្រីឱ្យគ្រប់មន្ទីរធ្វើការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវបំផុតចៀសវាងបញ្ហាខ្វះទឹកប្រើប្រាស់កើតឡើងនៅចុងរដូវប្រាំងនិងទឹកសម្រាប់បង្កបង្កើនផលស្រូវនៅដើមរដូវវស្សា។
លោក ជា សុខនី បានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុខ្លាំងនៅពេលនេះមន្ត្រីជំនាញរបស់ក្រសួងកំពុងបន្តតាមយ៉ាងយកចិត្តទុកដាក់ដោយចំពោះមុខលោករដ្ឋមន្ត្រីចេញត្រឹម បទបញ្ជាដល់គ្រប់មន្ទីរឱ្យរឹតត្បិតការប្រើប្រាស់ទឹកនិងនៅពេលខាងមុខក្រសួងអាចនឹងជូនដំណឹងជាសាធារណៈឱ្យពលរដ្ឋបានជ្រាបនិងចូលរួមសន្សំសំចៃទឹកដែលមាននៅតាមមូលដ្ឋាន ដើម្បីចៀសវាងបញ្ហាខ្វះទឹកប្រើប្រាស់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងដែរថា ស្ថានភាពធាតុអាកាសនៅពេលនេះស្ថិត ក្រោមឥទ្ធិពលបាតុភូតអែលនីណូ( El Nino )៥០ភាគរយនិងបាតុភូតអ៊ីនសូ(អន្តរកាលរវាងអែលនីណូនិងឡានីណា)៥០ភាគរយ ដែលជាបាតុភូតនាំមកនូវទឹកភ្លៀងតិចនិងក្តៅ ខ្លាំងហើយប្រសិនបើភាគរយនៃបាតុភូតអែលនីណូឡើងកាន់តែខ្ពស់នោះបញ្ហារាំងស្ងួតអាចនឹងកើតមាននៅក្នុងរដូវវស្សាថែមទៀត។ពេលនេះមន្ត្រីជំនាញរបស់ក្រសួងកំពុងបន្ត ធ្វើការតាមដានពីការវិវត្តរបស់ធាតុអាកាសនេះ៕ P / N