​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មូ​យីត​ឌីន យ៉ាស​ស៊ីន​(Muhyiddin Yassin)​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ថ្ងៃ​សុក្រ​ទី​១០​មីនា បន្ទាប់​ពី​​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាតិ​កោះហៅ​អោយ​ចូល​បំភ្លឺអំពី​គំរោង​មួយចំនួន​នៅ​ក្រោម​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក​។​

​ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​(MACC)​លោក អា​ហ្សាំ បា​គី​(Azam Baki)​បាន​និយាយថា​លោក មូ​យីត​ឌីន ដែល​ជា​ប្រធាន​គណន​បក្ស ប៉ា​ទី ព្រី​ប៊ូ​មី ប៊ឺ​សាទុ ម៉ាឡេស៊ី​(Bersatu) នឹង​ត្រូវ​ចោទប្រកាន់​នៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​។​

​លោកមូ​យីត​ឌីន អាយុ​៧៥​ឆ្នាំ បាន​ទៅ​ដល់​ទីស្នាក់ការ​MACC​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដើម្បីអោយ​គេ​សាកសួរ​ចម្លើយ​

​ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ក្រៅ​ស្នាក់ការ​MACC អ្នកនាំពាក្យ​Bersatu​បាន​និយាយថា​«​យើង​គិតថា​ជា​ការបំបាក់​មុខ​មួយ ដោយសារ​តែ​គណបក្ស​មាន​ការបោះឆ្នោត​នៅ​ថ្ងៃស្អែក​ហើយ​សភា​ក៏​​ត្រូវ​បើក​សម័យប្រជុំ​ផងដែរ​»​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​MACC​កំពុង​ស៊ើបអង្កេត​ការចោទប្រកាន់ថា ពួក​ម៉ៅ​ការដែល​ជ្រើសរើស​សំរាប់​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​ដែល​គេ​ស្គាល់​ថា Jana Wibawa តំរូវ​អោយ​ដាក់​តម្កល់​ប្រាក់​ប្រមាណ​៣០០​លាន​រីង​ហ្គីត​(៦៦,៣៣​លាន​ដុល្លារ​)​ចូល​គណនី​របស់​គណ​បក្ស​Bersatu​ដើម្បី​ទទួលបាន​គំរោង​។​

​ដោយ​ហៅ​វា​ជា​ការ​មួលបង្កាច់​ផ្នែក​នយោបាយ លោកមូ​យីត​ឌីន បាន​បដិសេធ​ការចោទប្រកាន់​។​

​សូមបញ្ជាក់​ថា កម្មវិធី​Jana Wibawa​ត្រូវបាន​បង្កើតឡើង​សំរាប់​ជួយ​ប្រជាជន​ម៉ាឡេស៊ី​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សមាជិក​សភា​ជា​ច្រើន​ក្នុង​សម្ពន្ធភាព ពែ​រី​កាតា​ន់ ណា​ស្យូ​ណាល់​(Perikatan Nasional-PN)​មិនបាន​ចូលរួម​ប្រជុំ​សភា​ទេ​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​លោកមូ​យីត​ឌីន ដែល​ជា​ប្រធាន​ក្រុមចំរុះ​PN​។​

​ឆ្លើយតប​ទៅ​អ្នក​រិះគន់​ដែលថា ការស៊ើបអង្កេត​នេះ​មាន​ហេតុផល​នយោបាយ លោកនាយក​រដ្ឋមន្ត្រី អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​និយាយ​កាលពី​ថ្ងៃ​៩​មីនា​ថា ការស៊ើបអង្កេត​ប្រឆាំង​លោកមូ​យីត​ឌីន ធ្វើឡើង​ដោ​​យ​ឯករាជ្យ ដោយ​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​។​

​លោកមូ​យីត​ឌីន ក៏​ត្រូវ​ហាម​មិន​អោយ​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី តែ​លោក​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំងនឹង​បំរាម​នេះ​។លោក​បាន​បដិសេធ​ការចោទប្រកាន់ និង​ចាត់​ទុក​វា​ជាការ​សងសឹក​នយោបាយ​៕