​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា រុស្ស៊ី​បាន​បញ្ចេញ​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​នៅ​ទូទាំង​ប្រទេ​សអ៊ុយ​ក្រែន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ទី​៩​មីនា ដោយ​វាយប្រហារ​ទៅលើ​អគារ​លំនៅដ្ឋាន និង​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ប្រាំ​នាក់​នៅក្នុង​ការវាយប្រហា​រ​ទ្រង់ទ្រាយ​ធំ​បំផុត​បែបនេះ​ក្នុង​រយៈពេល​បី​សប្តាហ៍​។​

​អភិបាលក្រុង​ល្វីវ (Lviv)​លោក ម៉ាក់​ស៊ីម កូហ្ស៊ី​ត​ស្គី (Maksym Kozytskyi)​បាន​និយាយថា មនុស្ស​បួន​នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ទីក្រុង​ល្វីវ​បន្ទាប់ពីមី​ស៊ីល​មួយ​ហ្វូង​បាន​វាយប្រហារ​តំបន់​លំនៅ​​ដ្ឋា​ន​មួយ​។ លោក​បាន​និយាយថា អគារ​ចំនួន​បី​ត្រូវ​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ បន្ទាប់​ពី​ការធ្វើ​វាយប្រហារ​នេះ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រើ​គំនរ​បាក់បែក​ដើម្បី​ស្វែងរក​ជនរងគ្រោះ​។​

​អភិបាលក្រុង​ឌី​នី​ប្រូ​ដ្រូវ​សក៍ (Dnipropetrovsk) លោក សឺ​ហ៊ី លី​សាក់ (Serhii Lysak) បាន​និយាយថា មនុស្ស​ទី​ប្រាំ​ត្រូវ​បាន​សម្លាប់​និង​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការ​វាយ​​ប្រហារ​ជាច្រើន​លើក​នៅក្នុង​តំបន់​ទីក្រុង​ឌី​នី​ប្រូ​ដ្រូវ​សក៍ ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល និង​កន្លែង​ឧស្សាហកម្ម​របស់​ខ្លួន​។​

​ស៊ី​រ៉ែ​ន​ព្រមាន​អំពី​ការ​វាយឆ្មក់​តាម​អាកាស​បាន​បន្លឺ​ឡើង​ពេញ​មួយ​យប់​ទូទាំង​ប្រទេស​អ៊ុ​យក្រែន រួម​ទាំង​រដ្ឋធានី​គៀវ កន្លែង​ដែល​ការផ្ទុះ​ជាច្រើន​បាន​កើត​ឡើង​នៅ​តំបន់​ពីរ​នៅ​ភាគ​ខាងលិច​ទីក្រុង​។ ប្រព័ន្ធ​ការពារ​អាកាស​ត្រូវបាន​ធ្វើឱ្យ​សកម្ម​ឡើង​នៅ​ជុំវិញ​ប្រទេស ហើយ​គេ​មិន​ច្បាស់​ថា​មាន​មី​ស៊ី​ល​ប៉ុន្មាន​គ្រាប់​បាន​វាយប្រហារ​គោលដៅ ឬ​ត្រូវ​បាន​ស្ទាក់​ចាប់​នោះទេ​។​

​រដ្ឋបាល​ក្រុង​គៀវ​និយាយថា ទីក្រុង​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​និង​ដ្រូ​ន ហើយ​មី​ស៊ី​ល​ជាច្រើន​ត្រូវបាន​ស្ទាក់ចាប់ ប៉ុន្តែ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​ក្រុង​ត្រូវបា​ន​វាយប្រហារ​។​

​អភិបាលក្រុង​គៀវ​លោក វី​តា​លី គ្លី​តស្កូ (Vitali Klitschko)​បាន​និយាយថា ការផ្ទុះ​ជាច្រើន​ត្រូវបាន​រាយការណ៍​នៅក្នុង​សង្កាត់​ហូ​ឡូ​ស៊ី​វស្គី (Holosiivskyi) នៃ​ទីក្រុង​ហើយ​មនុស្ស​ពីរ​​នាក់​បាន​រងរបួស​នៅក្នុង​សង្កាត់​ស្វី​យ៉ាតូស៊ីន​ស្គី (Sviatoshynskyi) ផង​ដែរ​នៅ​ផ្នែក​ខាង​លិច​នៃ​ទីក្រុង ហើយ​រថយន្ត​ជាច្រើន​បាន​ឆាបឆេះ​នៅ​ទីនោះ​៕

​មី​ស៊ី​ល​រុស្ស៊ី​បាញ់ស្រោច​មក​លើ​អ៊ុយ​ក្រែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ

អ្នកភូមិពិនិត្យមើលគំនរបាក់បែកក្រោយការវាយប្រហារដោយកាំជ្រួចរុស្ស៊ីកាលពីយប់នៅតំបន់ល្វីវ