ប្រមុខ​រាជរដ្ឋាភិបាល នឹង​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ខួប ១០​ឆ្នាំ​នៃ​ប្រាសាទព្រះវិហារ និង​ខួប ១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក នា​ល្ងាច​ថ្ងៃនេះ​

2299
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​អបអរ​ខួប ១០​ឆ្នាំ នៃ​ប្រាសាទ​ព្រះវិហារ​និង​ខួប​១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដានេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​មន្ត្រី​ទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជា​ពល រដ្ឋ និង​យុវជន ប្រមាណ ៩​ពាន់​នាក់​ផងដែរ​។​

​យោងតាម​កម្មវិធី​គ្រោងទុក ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​ធំ​នេះ នឹងត្រូវ​ចាប់ផ្តើម​ធ្វើឡើង នៅ​ម៉ោង ៤ រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នៅក្នុង​កម្មវិធី​នោះ នឹង​មានការ​ថ្លែង​សុន្ទរកថា ការសម្តែង​របាំ ការ​បង្ហាញ​វីដេអូ ឯកសារ ស្តីពី​ប្រវត្តិ​នៃ​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​នានា ក្នុង​កិច្ចការពារ​អភិរក្ស​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ព្រមទាំង​សុន្ទរកថា​គន្លឹះ និង​មតិ​សំណេះសំណាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​បើ​យោងតាម​សន្និសីទ​សារព័ត៌មាន ស្តីពី​ការឈាន​ទៅ​រៀបចំ​ព្រឹត្តិការណ៍​អបអរ​ខួប​១០ ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ​ និង​ខួប​១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ថ្ងៃទី​៥ ខែកក្កដា កន្លងទៅ លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា​រាជរដ្ឋា​ភិបាល បានសម្រេច​ឱ្យ​បង្កើត​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្កើន​ការស្រឡាញ់ និង​ស្មារតី​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​សំដៅ​លើកកម្ពស់​ការអភិរក្ស និង​ការអភិវឌ្ឍ ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស ដែលជា​មូលដ្ឋានគ្រឹះ នៃ​សុវត្ថិភាព សុខដុមភាព និរន្តរភាព និង​វឌ្ឍនភាព​នៃ​វប្បធម៌​ជាតិ​។ ជាមួយគ្នានេះ ក៏​ដើម្បី​ទាក់ទាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យចូល​មើល​ប្រាង្គ​ប្រាសាទ ដែល​បានទទួល​ស្គាល់​ជា​សកល​នេះ​។ លក្ខណៈ​សកល​មួយ​គឺថា ភាព​ផ្ទុយគ្នា​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​នេះ នឹងធ្វើ​ឡើង​នៅ​ទីតាំង​ប្រាសាទព្រះវិហារ និង​ប្រាសាទសម្បូរព្រៃគុក​។​

​ប្រាសាទព្រះវិហារ ត្រូវបាន​អង្គការ​យូណេស្កូ បានសម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ។ ចំណែក​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ចុះ​ក្នុង​បញ្ជី នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់ពី​វិនិច្ឆ័យ​ទៅលើ​លក្ខណៈសម្បត្តិ ដូចជា​ភាពល្អ​ឯកនៃ​តួ​ប្រាសាទ អាយុកាល​នៃ​ប្រាសាទ រចនាបថ​តួ​ប្រាសាទ គុណ​តម្លៃ​នៃ​ភាពលេច​ភ្លោ​នៅក្នុង​តំបន់​ជាដើម​។​

​លោក គឹម សេ​ដា​រ៉ា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​នេះ នៅ​បរិវេណ​ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នឹងមាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយនឹង​មានការ​ចូល​រួម ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ប្រមាណ ១.៥០០ នាក់​។​

​ចំណែក​នៅ​រាជធានី​ភ្នំពេញ ក៏​មានការ​ទូងស្គរ នៅ​វត្ត​និរោធ​រង្សី និង​ពេល​ល្ងាច មានការ​រៀបចំ​ពិធី​មិទ្ទី​ង​ដ៏​ធំ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន​ផងដែរ ។​

​អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក លោក ផាន់ ណា​ឌី ក៏បាន​ឱ្យដឹង​ដែរ​ថា នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ដូចគ្នា​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ក៏មាន​រៀបចំ ពិធី​អបអរសាទរ​ខួប​១​ឆ្នាំ នៃ​ការចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ ដោយ​នឹងមាន​ការចូលរួម​ពី​លោក អភិបាលខេត្ត​កំពង់ធំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ អម​ជាមួយ​សិល្បៈ តន្ត្រី​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។​

​ការសម្រេច​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ត្រូវបាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង នៅ​ពី​ថ្ងៃទី​២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដែលមាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច អនុម័ត​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​វេលា​ម៉ោង ៩:៤០ នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Cracovie ប្រទេស​ប៉ូឡូញ ។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចយក ថ្ងៃទី​១៥ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ធ្វើ​ពិធី​រំឭក និង​អបអរ​នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទ​ទាំងពីរ​នេះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា ក្នុង​មួយឆ្នាំ​ប្រាសាទព្រះវិហារ ទទួលបាន​អ្នកទេសចរ សរុប​ជាង ១៥ ម៉ឺន​នាក់ ក្នុងនោះ​អ្នកទេសចរ​អន្តរជាតិ ជាង ២ ម៉ឺន​នាក់ ។ ចំណែក​អាជ្ញាធរ​ជាតិ​សម្បូរ​ព្រៃ​គុក បានឱ្យដឹង​ដែរ​ថា ក្រោយពី​ប្រាសាទសម្បូរព្រៃគុក ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​កំណើន​ភ្ញៀវទេសចរ មានការ​កើនឡើង​ទ្វេដង ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ កើនឡើង ដល់ ៧៥ ភាគរយ បើ​គិត​ចាប់ពី​ពាក់កណ្តាល ឆ្នាំ​២០១៧ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ​៕ ល​/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ