ដោយៈសុផល/កំពង់ធំ៖ លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានឱ្យដឹងថា នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ មានផលិតផលដល់ទៅជាង៥០០មុខ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍វត្ថុលម្អសោភ័ណ ភាពជាដើម។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ដែលមាន ស្ដង់សរុបចំនួន៣០០ស្តង់។
លោករដ្ឋមន្ត្រីបានបន្តថា៖ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ដែលត្រូវបានចាត់ទុកថាជា ការនាំចេញ នៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។ P / N