ដោយៈ សុផល / អាល្លឺម៉ង់៖ កម្ពុជា បានខិតខំជំរុញការផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ នៅលើទីផ្សារអាល្លឺម៉ង់ ក្នុងពិព័រណ៍ទេសចរណ៍ ITB Berlin 2023 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

លោក ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា អមដំណើរដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេស ចរណ៍ និងជាសមាជិកក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយលោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប៊ែរឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រួមជាមួយផ្នែកឯកជនចំនួន ១១ ក្រុមហ៊ុន រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក៏ដូចជា គម្រោងវិនិយោគទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin 2023 ដ៏ធំបំផុតក្នុងពិភពលោក។

លោក ថោង រដ្ឋសក្តិ បានមានប្រសាសន៍ថា៖ ការចូលរួមរបស់កម្ពុជា គឺដើម្បីអនុវត្ត យុទ្ធសាស្ត្រនៃចក្ខុវិស័យ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ​ឡើងវិញ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) និងបន្តផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE។

លោកអគ្គនាយក បានបន្តថា៖ នាឱកាសនោះ កម្ពុជាក៏បានផ្សព្វផ្សាយ អំពីការធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរ អន្តរជាតិ កាន់តែច្រើនមកទស្សនាកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនង ជាមួយដៃគូឯកជន លើទីផ្សារអឺរ៉ុប។

លោកបានបញ្ជាក់ទៀតថា៖ នាព្រឹត្តិការណ៍នោះដែរ ប្រតិភូក្រសួងទេសចរណ៍ នឹងចូល រួមសិក្ខាសាលា និងកិច្ចប្រជុំសំខាន់ៗមួយចំនួន ជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ដូចជា៖
១. កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍តុមូល ដោយផ្ដោតសំខាន់ទៅលើការធ្វើជាម្ចាស់នៃ ការផ្លាស់ប្តូរលើមាត្រដ្ឋានសកល (ITB Ministers Roundtable: Mastering Transformation on a Global Scale)។
២. កិច្ចប្រជុំតុមូលឧស្សាហកម្មក្នុងការផ្លាស់ប្តូរក្នុងការធ្វើដំណើរ (Industry Roundtable: Transition in Travel)។
៣. សិក្ខាសាលាស្ដីពីការរំពឹងទុក និងការព្យាករណ៍ពីទស្សនៈរបស់អតិថិជន សម្រាប់ឧស្សាហកម្មទេសចរណ៍នៃថ្ងៃស្អែក (Expectations and Forecasts from the Customers’ Perspective for the Travel Industry of Tomorrow)។
៤. សិក្ខាសាលាស្ដីពីការចាប់ផ្តើមនៃការសិក្សាសកម្មភាពអាកាសធាតុ នៃវិស័យទេស ចរណ៍ ការពិនិត្យឡើងវិញអំពីវិធីសាស្រ្ត និងឧបករណ៍វាស់វែងបច្ចុប្បន្ន និងអនុសាសន៍ សម្រាប់ផ្លូវឆ្ពោះទៅមុខ (Launch of Study: Tourism Sector’s Climate Action – A Review of Current Measurement Methodologies and Tools and Recommendations for the Way Forward)។

គួរជម្រាបថា កិច្ចសហការនេះធ្វើឡើងដោយយោងតាមជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៣ នាឱកាសដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា​ ជាលើកដំបូង​បន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងកម្ពុជា-អាល្លឺម៉ង់៕ V / N