ដោយៈសុផល/ភ្នំពេញ៖ ក្នុងកម្មវិធីអបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន នាដើមសប្តាហ៍នេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលពីការលក់លេខចុះប ញ្ជី រថយន្តបានជាង ៥៤លានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។

លោកស្រីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រដ្ឋាភិបាល បានប្រើប្រាស់ថវិកាចំណូលពីការលក់លេខចុះបញ្ជីរថយន្តមួយចំណែក ជូនទៅមូលនិធិកាត់បន្ថយភាពក្រីក្រ និងមួយចំណែកទៀតបង់ចូលថវិកាជាតិ។

លោកស្រី កុយ សុដានី បានបន្តថា ៣ឆ្នាំនេះ ក្រសួងសាធារណការ បានអនុវត្តលក់លេខចុះបញ្ជីរថយន្តសរុប ១១៨.000លេខ ទទួលបានថវិកាជាង៥៤លានដុល្លារ អាម៉េរិក។ ក្នុងនោះក្រសួង លក់លេខពិសេសបានជាង ១០ម៉ឺនលេខ ទទួលថវិកាជិត ២៦លានដុល្លារអាម៉េរិកនិងលក់លេខពិសេសផ្ទាល់ ខ្លួនបានជាង ១៦ពាន់លេខ ទទួលថវិកាបានជាង ២៨លានដុល្លារអាម៉េរិក។លោកស្រីបន្ថែមថា នៅឆ្នាំ២០២២ លទ្ធផលនៃការប្រមូលចំណូលពីការលក់ចុះបញ្ជីរថយន្ត បាន២១លានដុល្លារ អាម៉េរិក ដែលកើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ២០២១៕ P / N