ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យន្តហោះម៉ាស៊ីនកង្ហារនៃក្រុមហ៊ុនអាកាសចរណ៍Shree Airlinesមួយបានធ្វើការចុះចតគ្រាអាសន្ននៅនេប៉ាល់កាលពីថ្ងៃព្រហស្បតិ៍ក្រោយមាន«សញ្ញាអំពីភ្លើងឆេះម៉ាស៊ីន»មួយ។
យន្តហោះបានហោះចេញពីទីក្រុងកដ្ឋមណ្ឌូ(Kathmandu) ទៅកាន់ទីក្រុងបាយរ៉ាហាវ៉ា( Bhairahawa)ជាមួយនឹងមនុស្ស៧៨នាក់ ។
អ្នកនាំពាក្យក្រុមហ៊ុនShree Airlinesបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «អាកាយានិកបានរាយការណ៍អំពីសញ្ញាអគ្គីភ័យនៅម៉ាស៊ីនខាងស្តាំហើយយន្តហោះបានបត់ទៅចុះនៅក្រុងកដ្ឋមណ្ឌូវិញភ្លាម»។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បាននិយាយថាយន្តហោះបានចុះចតដោយសុវត្ថិភាពនិងអ្នកដំណើរទាំងអស់រួមទាំងបុគ្គលិកក្នុងយន្តហោះមានសុវត្ថិភាព តែ«មិនបានរកឃើញសញ្ញានៃអគ្គិភ័យណាទេពេលវាចុះចត»។
នេប៉ាល់ដែលសំបូរភ្នំខ្ពស់ៗបំផុតនៅក្នុងលោក រួមមានភ្នំអេវើរ៉េស មានប្រវត្តិជួបគ្រោះថ្នាក់ធ្លាក់យន្តហោះជារឿយៗ។កាលពីខែមករា យន្តហោះមួយក្នុងក្រុមហ៊ុនអាកាសចរណ៍ Yeti Airlinesបានធ្លាក់ជាមួយនឹងមនុស្ស៧២នាក់នៅក្នុងវានៅចម្ងាយ១២៥គីឡូម៉ែត្រពីរដ្ឋធានីកដ្ឋមណ្ឌូ។សាកសពមនុស្ស៧១នាក់ត្រូវបានរកឃើញនិងមនុស្សម្នាក់បាត់ខ្លួនហើយក៏ត្រូវគេសន្មតថាស្លាប់៕
អ្នកបើកសង្ស័យថាមានអគ្កិភ័យនៅម៉ាស៊ីនមួយនៃយន្តហោះ តែក្រោយចុះចតអត់រកឃើញអគ្គិភ័យទេ