​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ អតីត​មិត្តស្រី​របស់ ថៃ​ហ្គើ វូដ (Tiger Woods) កំពុង​ប្ដឹង​គាត់​ទារប្រាក់ ៣០ លាន​ដុល្លារ​អាម៉េរិក​។​

​អតីត​ដៃគូ​របស់​កីឡាករ​វាយ​កូន​ហ្គោល​អាយុ ៤៧ ឆ្នាំ នាង អេ​រីកា ហឺ​ម៉ាន់ (Erica Herman) បាន​រស់នៅ​ជាមួយ​គាត់​ក្នុង​រដ្ឋ​ផ្លរីដា​សម្រាប់​រយៈពេល​នៃ​ទំនាក់ទំនង​ប្រាំមួយ​ឆ្នាំ​របស់​គេ​។​

​ក្នុង​អំឡុងពេល​នោះ អតីត​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​រូបនេះ​បាន​អះអាងថា នាង​បាន​អនុវត្ត “​សេវាកម្ម​ដ៏​មានតម្លៃ​” (​ផ្លូវភេទ​) សម្រាប់​កីឡាករ​ដ៏​ល្បី​នេះ​ជំនួស​ឱ្យ​ការបង់ថ្លៃ​ជួល​ផ្ទះ ទោះ​មាន​តែ “​កិច្ចព្រមព្រៀង​ជួល​ផ្ទាល់មាត់​” រវាង​អ្នក​ទាំង​ពីរ ដែល​នាង​អះអាង​ថា​នៅ​សល់​ពេល​ជួល​ប្រាំ​ឆ្នាំ​បន្ថែមទៀត បន្ទាប់ពី​ពួកគេ​បាន​បែក​គ្នា​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន​។​

​ទោះយ៉ាងណា យោងតាម​ឯកសារ​ដែល​ទទួលបាន​ដោយ​វេបសាយ TMZ នាង​អេ​រីកា​បាន​អះអាង​ថា បុគ្គលិក​របស់​ថៃ​ហ្គើ​បាន​បញ្ចុះបញ្ចូល​នាង​ឱ្យ​រៀបចំ​បង្វិច​សម្រាប់ “​វិស្សមកាល​ខ្លី​” ដោយ​គ្មាន​កីឡាករ​វាយ​កូន​ហ្គោល​រូប​នេះ​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន ប៉ុន្តែ​បន្ទាប់ពី​ដឹក​នាង​ដល់​អាកាសយានដ្ឋាន នាង​ត្រូវបាន​គេ​ប្រាប់ថា​នាង​ត្រូវបាន “​ចាក់សោ​ឱ្យ​នៅក្រៅ​ផ្ទះ​” ហើយ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ទេ​។​

​ស្ត្រី​វ័យ ៣៨ ឆ្នាំ​រូប​នេះ​បាន​និយាយថា មេធាវី​ម្នាក់​របស់​ថៃ​ហ្គើ​បាន​ជួប​នាង​នៅ​អាកាសយានដ្ឋាន​ជាមួយនឹង​សំណើ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​អតីត​គូស្នេហ៍​នេះ ហើយ​ថែមទាំង​បាន​អះអាង​ថា​លុយ​នាង​ជាង ៤០.០០០ ដុល្លារ​អាម៉េរិក​ត្រូវបាន​រឹបអូស​ពី​ផ្ទះ​នោះ បន្ទាប់​ពី​ចោទប្រកាន់​នាង​ថា​បាន “​ធ្វើ​រឿង​ខ្មៅ​ងងឹត​” ដើម្បី​ទទួលបាន​ប្រាក់​នោះ​។​

​នាង​អេ​រីកា​បាន​ដាក់​ពាក្យបណ្តឹ​ង​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​របស់​ថៃ​ហ្គើ វូដ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ផ្ទះ​នោះ ហើយ​កំពុង​ទាមទារ​សំណង ៣០ លាន​ដុល្លារ ដែល​នាង​អះអាងថា​ជា “​តម្លៃ​ជួល​សមរម្យ​” នៃ​ផ្ទះ​របស់​ថៃ​ហ្គើស​ម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ ដែល​នាង​អះអាង​ថា​នៅ​សេសសល់​ក្នុង​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​របស់​ពួកគេ​។​

​ជា​ការឆ្លើយតប​ទៅនឹង​ពាក្យបណ្ដឹង​នេះ ក្រុមហ៊ុន​របស់​ថៃ​ហ្គើ​វូដ​បាន​បដិសេធ​ថា​មិន​មាន​កិច្ចសន្យាផ្ទាល់មាត់​ទេ ហើយ​នាង​អេ​រីកា​គ្រាន់តែ​ស្នាក់​នៅផ្ទះ​នោះ​ក្នុងនាម​ជា​មិត្តស្រី​របស់​គាត់​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ចាក​ចេញ​បន្ទាប់​ពី​កីឡាករ ក៏​រស់​នៅក្នុង​ផ្ទះ​នោះ​ដែរ​នោះ បានបញ្ចប់​ទំនាក់ទំនង​របស់​ពួកគេ​៕

​នាង​អេ​រីកា​និង​ថៃ​ហ្គើ​វូដ​មើល​ការប្រកួត US Open នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី ៣១ សីហា ឆ្នាំ​២០២២​