ដោយៈសុផល/ កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង នាពេលខាងមុខនឹងមានកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មមួយ។ កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មនេះនឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយសម្រួលការដឹកជញ្ជូនទំនិញ នាំចេញកសិផល ពីខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងនឹងចូលរួមផ្តល់ឱកាសការងារប្រមាណ ១៥០០កន្លែង។
នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង បំពេញបេសកកម្មចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ការរៀបចំឱ្យមានជាកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូនជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានប្រមាណពី ១០០០កន្លែង ទៅដល់១៥០០កន្លែងផងដែរ។
សូមជម្រាបជូនដែរថា៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ (២) មណ្ឌលសន្និធិប្រេង (៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស៕srn / N