ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ខណៈដែលប្រទេសកម្ពុជា បើកឱ្យដំណើរការសេដ្ឋកិច្ច-សង្គម លើគ្រប់វិស័យឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ បានសាបរលាបនោះ ចំនួនជើងហោះ ហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកើនឡើង ក្នុងនោះ ជើងហោះហើរសរុប មានចំនួនជាង ៧.០០០ ជើង អ្នកដំណើរសរុបប្រមាណ ជាង ៧៨.០០០ នាក់ ។ បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងរាជធានីភ្នំពេញក៏បាននឹងកំពុងដំណើរការសាងសង់ ផងដែរ។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រោយការបើកដំណើរការសេដ្ឋកិច្ច-សង្គម លើគ្រប់វិស័យឡើងវិញ ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងវិញ គួរឱ្យកត់សម្គាល់ ក្នុងនោះជើងហោះ ហើរសរុប មានចំនួន ៧.០៧០ ជើង កើនឡើង ២៦៤,៤% និងអ្នកដំណើរសរុបមាន ចំនួន ៧៨៤.៩៨៦ នាក់ កើនឡើង ៥០១,៦% ប្រៀបធៀបនឹងឆ្នាំ២០២១ កន្លងទៅ។

លោកបានបន្តថាៈ បច្ចុប្បន្ន បើទោះបីសេដ្ឋកិច្ចជាតិ ត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក យ៉ាងណាក្តី ក៏តម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះ ឆ្នាំ២០២២ យើងទទួល បានការស្នើសុំលិខិតអនុញ្ញាតសាងសង់ ចំនួន ១.១៣៩ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ១,២១ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគ ប៉ាន់ស្មានជិត ៦០៥ លានដុល្លាអាមេរិក ហើយផ្សារទំនើបចំនួន ៤ រួមមាន ផ្សារទំនើបអ៊ីអនម៉លទី៣ មានជ័យ, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើបម៉ាក្រូជ្រោយចង្វារ និងផ្សារទំនើបព្រីនស៍ ថាម សហ្វែរ ត្រូវបានបើកដំណើរការបន្ថែមទៀត ។

ដោយឡែក ចំនួនអាជីវកម្មដ្ឋាន ក៏មានការកើនឡើង ក្នុងនោះ រោងចក្រមានចំនួន ៧៦៦ រោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្ម មានចំនួន ៥.៤៧៦ មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប ២.០៦៨ លានដុល្លាអាមេរិក បានផ្ដល់ការងារដោយ ផ្ទាល់ជូនកម្មករ-កម្មការិនី ចំនួនជាង ៥១ ម៉ឺននាក់ និងដោយប្រយោល ជាច្រើននាក់ ផ្សេងទៀត។

បន្ថែមលើនេះ ក្នុងឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលប្រទេសកម្ពុជា ត្រូវធ្វើជាប្រធាន ប្តូរវេនអាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងមោទនភាពបំផុត ដោយបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវទិកាអភិបាល ក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាល រាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២” ដែលមានគណៈប្រតិភូ ដឹកនាំដោយ អភិបាល រាជធានី-រដ្ឋធានីទាំង ៩ នៃប្រទេស ជាសមាជិកអាស៊ាន និងអភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តាទីក្រុងអាស៊ាន ចំនួន ៤៣ ទីក្រុង, អង្គការ -សមាគមអន្តរជាតិ ៧ ស្ថាប័ន និងបណ្តាខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា សរុប មានគណៈប្រតិភូជាតិ និងអន្តរជាតិ ប្រមាណជាង ៤០០ នាក់ បានអញ្ជើញចូលរួម ក្នុងវេទិកា និងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ហើយជាលទ្ធផល គណៈប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះការរក្សាសុខសុវត្ថិភាព, ការទទួលបដិសណ្ឋារកិច្ច, ការ ស្នាក់នៅ, ការរៀបចំកិច្ចប្រជុំ និងភាពរីកចម្រើនរបស់ រាជធានីភ្នំពេញ ហើយនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅ សម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមូតលើគ្រប់វិស័យ៕ V / N