ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានបញ្ជាក់ថាៈ គោលដៅចម្បង នៃផែនការ យុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ គឺការបង្កើត ប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។ សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានា ទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។

សម្ដេចក្រឡាហោម បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាៈ ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យ បានក្នុងដំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។

សម្ដេច បានបន្ថែមថាៈ ជំហានបន្ទាប់ គឺភ្ជាប់ប្រព័ន្ធទាំងអស់ ទៅក្នុងប្រព័ន្ធមេមួយ ដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានា លើពិភពលោក បាននិងកំពុងយកចិត្តទុកដាក់ លើការងារធ្វើ ទំនើបកម្ម ប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពី ការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា ៕ V / N