ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ចេង ឡៃ អភិបាលរងខេត្ត និងលោក តិន សុភាព ទីប្រឹក្សាអមក្រសួងបរិស្ថាន បានអញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សា ស្ដីពីការចុះបញ្ជីដីរដ្ឋ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរៀបចំបង្កើតឧទ្យានភូតគាម មរតកសន្តិភាព នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
លោក ចេង ឡៃ បានមានប្រសាសន៍ថាៈ ខេត្តពោធិ៍សាត់ ជាប់ជាមួយតំបន់ការពារ ធម្មជាតិ និងរបៀងជីវៈចម្រុះ ចំនួន ៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៧៦៥.៤៥៦ ហិកតា ក្នុងនោះមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស ឧទ្យានជាតិជួរភ្នំ ក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ។
លើសពីនេះទៀត តំបន់ការពារធម្មជាតិ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាតំបន់ព្រៃ ស្រោង ពាក់កណ្ដាលស្រោង និងតំបន់ភ្នំ ដែលជាទីជម្រកដ៍ប្រសើររបស់សត្វដំរីអាស៊ី ខ្ទីង ទន្សោង ខ្លារខិន ខ្លាលឿងមាស ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ជ្រូនពោន ឆ្កែព្រៃ ទោចម្កុដ និង ប្រភេទសត្វព្រៃសំខាន់ៗជាច្រើនទៀត ដែលចាំបាច់ទាមទារឲ្យមានកិច្ចការពារឲ្យបាន ត្រឹមត្រូវ និងស្របតាមបច្ចុប្បន្នភាព ប្រជាសាស្ត្រ ភូមិសាស្ត្រ និងធនធានធម្មជាតិ។
លោក ជា សំអាង បានមានប្រសាសន៍ថាៈ ដោយមើលឃើញភាពចាំបាច់ និងសារៈ សំខាន់ នៃប្រភេទរុក្ខជាតិ កំពុងរងគ្រោះជាសកល និងការអភិរក្សធនធាន ពិន្ទុឲ្យស្ថិត ស្ថេរគង់វង្ស សម្រាប់ជាមរតក ដល់មនុស្សជាតិជំនាន់ក្រោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដួចផ្ដើម និងណែនាំឲ្យរៀបចំបង្កើតឧទ្យានភូតគាមនេះឡើង ក្នុងគោលបំណង ដើម្បីសិក្សាពីរូបសាស្ត្ររុក្ខជាតិ ការស្រាវជ្រាវរុក្ខជាតិចម្រុះគ្រប់ប្រភេទ អភិរក្សនិងថែរក្សាធនធានពិន្ទុរុក្ខជាតិ ការអរប់រំ ផ្ដល់សេវាកម្មសាធារណៈ សោភ័ណភាព ការកម្សាន្ត និងការបង្កើតការងារ។
លោករដ្ឋលេខាធិការ បានឲ្យដឹងថាៈ ទីតាំងដីដែលក្រុមការងារ បានចុះពិនិត្យ គឺស្ថិតក្នុង ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រឃុំព្រងិល និងឃុំឈើតុំ ស្រុកភ្នំក្រវាញ និង ស្រុកក្រគរ មានលក្ខណៈសមស្រប សម្រាប់បង្កើតជាឧទ្យានភូតគាមថ្នាក់ជាតិ ដែលមាន បេសកកម្មប្រមូលផ្ដុំ ថែរក្សានិងអភិរក្សពិន្ទុរុក្ខជាតិចម្រុះគ្រប់ប្រភេទ សម្រាប់ភ្ជាប់មនុស្ស ទៅនឹងរុក្ខជាតិ ជំរុញមនុស្សគ្រប់វ័យ ឲ្យរស់នៅប្រកបដោយភាពសុខដុម ជាមួយធម្មជាតិ ផ្ដល់នូវបទពិសោធន៍ នៃការអប់រំ សិក្សាស្រាវជ្រាវ និងការកម្សាន្ត ព្រមទាំងផ្ដល់នូវ បទពិសោធន៍បង្កើតសួនរុក្ខជាតិ នៅតាមលំនៅដ្ឋាន និងទីសាធារណៈ៕ V / N