ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើង នៅក្នុងខេត្តកំពង់ធំ បានជំរុញឲ្យខេត្តខិតខំផលិត ផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ដល់ទេសចរណ៍ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ ប្រជាពលរដ្ឋយើង មានឱកាសដើម្បីផលិតចិញ្ចឹម នៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍។ យើងត្រូវខិតខំជំរុញការផលិតឲ្យត្រឹមត្រូវ តាមស្តង់ដារ បម្រើឲ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឲ្យមានខ្សែច្រវាក់ផលិតកម្មថ្មី និងបៃតង សម្រាប់ខេត្តកំពង់ធំ និងស្វែងរកទីផ្សារ ជំរុញវិស័យកសិកម្ម ដែលជាវិស័យ អាទិភាពរបស់ រាជរដ្ឋាភិបាល ពិសេសដូចករណីស្វាយចន្ទី ដែលរាជរដ្ឋាភិបាល បានអនុម័តគោលនយោបាយ ជំរុញដំណាំនេះ។ ខេត្តកំពង់ធំ ថ្វីដ្បិតមិនសូវអនុគ្រោះ ផ្នែកទេសចរណ៍ ប៉ុន្តែអ្វីដែលជាកម្លាំងខ្លាំង ខេត្តកំពង់ធំ គឺវិស័យកសិកម្ម ។

សម្តេចតេជោ បានបន្តថាៈ ស្វាយចន្ទី នៅក្នុងខេត្តនេះ ក៏មានចំនួនច្រើន។ សម្តេច រំពឹងថា នៅពេលដែលយើងមានឧស្សាហកម្មកែច្នៃគ្រប់គ្រាន់ ខេត្តកំពង់ធំ នឹងមានចំនួន ផ្ទៃដីដាំដុះ កាន់តែធំ។

សម្តេចបានបន្តថាៈ ទូទាំងប្រទេស មានផ្ទៃដីដាំដុះស្វាយចន្ទី ប្រមាន ៧០.០០០ ហិកតា ហើយសម្តេច គិតថា នៅពេលយើងមានការកែច្នៃគ្រប់គ្រាន់ គឺយើងអាចទៅលើស មួយលានហិកតា ដែលជាផ្នែកសំខាន់មួយ អាចធានាបានថា កម្ពុជាក្លាយទៅជាប្រទេស នាំមុខ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ទៅទីផ្សារពិភពលោកតែម្ដង ហើយការផលិត របស់យើង ការផ្គត់ផ្គង់ឱ្យទេសចរណ៍ គឺជាគោលដៅ និងជាអាទិភាព នៃគោលនយោ បាយរបស់យើង តាំងពីមុន រហូតមកដល់ពេលនេះ គឺគ្មានការផ្លាស់ប្ដូរទេ គឺការនាំ ចេញនៅនឹងកន្លែងផលិត ហើយនាំទៅផ្គត់ផ្គង់ ហើយទេសចរ ទទួលទាន ទាំងអង្ករល្អ ទាំងស្វាយចន្ទី គឺយើងបំរើ សម្រាប់វិស័យទេសចរណ៍៕ V / N