ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រោយពីបានធ្វើបុណ្យធំ ៧យប់ ៧ថ្ងៃ ដោយបញ្ចប់ ត្រឹមថ្ងៃនេះ និងរាប់បាត្រព្រះសង្ឃ ៣.០០០ អង្គ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ចំទិវាសិទ្ធិ នារីអន្តរជាតិ មកទល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វត្តគិរីវង្សាក្សេមក្សាន្ត ហៅភ្នំបាក់ខាង លេី ស្ថិតនៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានប្រារព្ធពិធីបុណ្យកាត់ឫស ខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ធផលនានា ដែលគណៈកម្មការ អះអាងថា មានតម្លៃដល់ ទៅ ៣៥ ម៉ឺនដុល្លារអាម៉េរិក ។
ព្រះតេជគុណ រតនបកាសកោ ស្ងួន ហ៊ុល ព្រះគ្រូចៅអធិការវត្តភ្នំបាក់ខាងលើ ឬគិរីវង្សាក្សេមក្សាន្ត បានមានថេរដិកាថាៈ “ការកកើតឡើងនូវព្រះវិហារស្កឹមស្កៃ និង សមិទ្ធផលជាច្រើនទាំងនេះ គឺជាការចូលរួមខ្លាំងក្លា ពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសនេះ គឺជាកម្លាំងមហាសាមគ្គី”។
សមិទ្ធផលជាច្រើន សម្រាប់ការប្រើប្រាស់ ព្រះសង្ឃគង់នៅជាទីកន្លែង គោរពសក្ការបូជា និងសម្រាប់រៀនសូត្រ។
ចំពោះព្រះវិហារថ្មីមួយខ្នង ដែលមានទំហំ ១៥ ម៉ែត្រ បណ្ដោយ ២១ ម៉ែត្រ កម្ពស់ ១៤ ម៉ែត្រ និងសមិទ្ធផលគរុភ័ណ្ឌនានា ដែលបានចំណាយ ក្នុងការកសាងអស់ថវិកា ចំនួន ៣៥០.០០០ ដុល្លារសហរដ្ឋអាមេរិក ។
ព្រះអង្គ ស្ងួន ហ៊ុល បានមានសង្ឃដិកាបន្តថាៈ បច្ចុប្បន្ននេះ វត្តភ្នំបាក់ខាងលើ មានព្រះ សង្ឃ ៦០ អង្គ ភាគច្រើន ព្រះអង្គកំពុងតែសិក្សារៀនសូត្រ ។ ចំពោះវត្ត គឺនៅជំពាក់ថ្លៃ សម្ភារៈគ្រឿងសំណង់ ប្រមាណជាង ២ មឺុនដុល្លារទៀត។ ប៉ុន្តែវត្តមិនបិណ្ឌបាត្រ ត្រង់ទៅម្ចាស់សទ្ធាណាមួយទេ គឺទុកឱ្យម្ចាស់ទាន មានសទ្ធាដោយខ្លួនឯង តាមការគួរ ទៅចុះ ។
លោក អុី ឡុង សមាជិកព្រឹទ្ធសភា និងជាតំណាងជាន់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថាៈ លោក និងគ្រប់មជ្ឈដ្ឋាន មានក្ដីសង្ឃឹម និងជឿជាក់ថា សកម្មភាពនេះ សមិទ្ធផលទាំងអស់ ដែលសម្រេចបាន ជាប្រយោជន៍ក្នុងព្រះពុទ្ធ សាសនា មានទំហំធំធេង គួរឲ្យកត់សម្គាល់ នាពេលនេះ តែជាគំនិតផ្ដួចផ្ដើមរបស់ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត ដោយកម្លាំងសទ្ធាជ្រះថ្លា ចូលរួបរួមសាមគ្គី របស់ព្រះសង្ឃ សប្បុរសជន ពុទ្ធបរិស័ទ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គឺដែលបានបរិច្ចាគ លះបង់ទាំងពេលវេលា ថវិកា និងសម្ភារៈ ដោយស្ម័គ្រចិត្ត និងជ្រះ ថ្លាបំផុត និងដើម្បីជាទ្រព្យសម្រាប់ខ្លួន ប្រើប្រាស់ទៅអនាគតជាតិ ព្រោះថា បុណ្យទាំង ឡាយ រមែងបានជាទីពឹងរបស់សត្វទាំងឡាយ ក្នុងលោកនេះ និងលោកខាងមុខ។
លោក អុី ឡុង បាននាំយកថវិការបស់លោក កែ គឹមយ៉ាន និងលោកស្រី ចំនួន ៦ លាន រៀល ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត និងបំពាក់គ្រឿងឥស្សរិយយស ដល់ព្រះតេជ គុណ សប្បុរសជន ព្រមទាំងចែកជូនសារុង ដល់ប្រជាពលរដ្ឋ៕ V / N