ដោយៈ ពៅនិមល / ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ បានសហការជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា“ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ ក្នុងសាលារៀន សរុបប្រមាណ ៤០០ នាក់។
វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក សម្យ កំសាន្ត នាយករងទទួលបន្ទុកសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងតំណាង មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។
លោកនាយករង សម្យ កំសាន្ត នៅក្នុងកម្មវិធីនេះ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរ ក្នុងសាលរៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់ នូវគោលការណ៍សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិ យោបល់ និងលើកឡើងនូវសំនួរ ដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងសំណូមពរមន្ត្រីអធិការកិច្ចរបស់ អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញ ពិសេសម្ហូប អាហារ អនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ឱ្យបាន នូវការធ្វើអាជីវកម្ម មិនសុចរិត ក្នុងវិស័យម្ហូបអាហារ។
លោក ផាន អូន បានលើកឡើងថាៈ អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប ដោយបានទទួល កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា“ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។
លោកបានបន្តថាៈ កម្មវិធីផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែ បណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជន ដែលជាអាជីវករប្រកបអាជីវកម្ម ក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់ អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់ អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិ ឱ្យរីកចំរើនទៅមុខ។
នៅចុងបញ្ចប់ លោក ផាន អូន បានសំណូមពរឱ្យវគ្គផ្សព្វផ្សាយ យកវេទិកានេះ ជាវេទិកា ពិភាក្សា បញ្ចេញមតិ ដោយលើកឡើង នូវសំណូមពរ ឬសំនួរនានា ពាក់ព័ន្ធនឹងម្ហូប អាហារ ដើម្បីឱ្យយល់កាន់តែច្បាស់ថែមទៀត អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារ ដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមី ហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលជាកត្តាបង្កគ្រោះ ដល់សុខភាពរបស់យើងទាំងអស់គ្នា។ ដើម្បីសង្គមយើង គ្រួសារយើង ពិសេសដើម្បីខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជៀសឱ្យឆ្ងាយពី គ្រឿងញៀនទាំងអស់គ្នា៕ V / N