ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៩ មីនា ម្សិលមិញនេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យបញ្ជីឈ្មោះ កីឡាករ កីឡាការនី ទទួលជ័យលាភីមេដាយមាស ត្រូវបញ្ចូលក្នុងក្របខណ្ឌ នគរបាលជាតិ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។

កិច្ចការងាររៀបចំបញ្ជីឈ្មោះ កីឡាករ កីឡាការនី ត្រៀមបញ្ចូលក្នុងក្រខ័ណ្ឌនគរបាល ជាតិ សម្រេចទៅបានស្ទើរតែ ១០០ ភាគរយហើយ ពោលគឺ នៅតែបញ្ជូនឯកសារ គោរពជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតែប៉ុណ្ណោះ។

លោក សរ សិទ្ធិ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារ ការចាត់បញ្ជូនកីឡាករ កីឡាការនី ទៅចូលរួមប្រកួត រហូតដល់ដំណាក់កាល រៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការនី ជ័យលាភីមេដាយមាស ពីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដើម្បីបញ្ចូលក្នុង ក្របខណ្ឌនគរបាលជាតិ។

ការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យយ៉ាងធំធេង បន្ទាប់ពីដណ្តើមបានមេដាយ យ៉ាងច្រើនក្រាស់ក្រែល ពីការប្រកួត ក្នុងនោះមេដាយសរុបចំនួន ២១១ គ្រឿង រួមមាន មេដាយមាស ១០៣ គ្រឿង មេដាយប្រាក់ ៥៨ គ្រឿង និងមេដាយសំរឹទ្ធ ៥០ គ្រឿង ជួយឱ្យក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ទូទាំងប្រទស ហើយក្នុងរយៈកាល កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតក្នុងការផ្តល់ក្របខ័ណ្ឌនគរបាលជាតិ ដល់កីឡាករ កីឡាការនី ដែលជាជ័យ លាភីមេដាយមាស ពីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២។

ក្របខ័ណ្ឌដែលសម្តេចក្រឡាហោម ផ្តល់ជូននៅពេលនេះ គឺជាការផ្តល់ប្រាក់រង្វាន់ដ៏ ធំធេង ពោលគឺ ពេញមួយជីវិត និងមានតម្លៃមហាសាល ជូនដល់កីឡាករ កីឡាការនី ដែលមានសមត្ថភាព ដូច្នេះហើយ ដើម្បីជាការតបស្នង ដល់គុណូបការៈដ៏ខ្ពង់ខ្ពស់ របស់សម្តេច កីឡាករ កីឡាការនីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង ក្នុងការហ្វឹកហាត់ ឱ្យបានខ្លាំងក្លា ដើម្បីឈានទៅប្រជែងយកមេដាយ ពីការប្រកួតទាំងក្នុងក្របខណ្ឌជាតិ និងឆាកអន្តរជាតិ ជាពិសេសការត្រៀមខ្លួន ចូលរួមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ៕/V/R