ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោធារបស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃព្រហស្បតិ៍ទី៩មីនាក្នុងការសម្ញែងកម្លាំងចុងក្រោយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែប៉ុន្មានថ្ងៃមុនពេលកូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់គេ។
ទីភ្នាក់ងារសារព័ត៌មាន KCNAរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិយាយប៉ុន្មានម៉ោងក្រោយមកថា មេដឹកនាំ គីម ជុងអ៊ុន បានស្ថិតនៅទីតាំងផ្ទាល់ដើម្បីមើល “គ្រាប់ដ៏មានឥទ្ធិពល”បាញ់ដោយអង្គភាពកាំភ្លើងធំ “ដែលត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងសង្គ្រាមជាក់ស្តែង”។
របាយការណ៍នេះមិនបានបញ្ជាក់ពីប្រភេទអាវុធដែលលោកគីមសង្កេតនៅក្នុង “សមយុទ្ធបាញ់ប្រហារ” ដែលធ្វើជាបំផ្លិចបំផ្លាញអាកាសយានដ្ឋានរបស់សត្រូវនោះទេ។
ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចអាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយកូរ៉េខាងជើងធ្វើតេស្តិ៍អាវុធហាមឃាត់មិនធ្លាប់មានជាហូរហែខណៈរដ្ឋាភិបាលក្រុងសេអ៊ូលងាកទៅបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាការឆ្លើយតប។
កាលពីឆ្នាំមុន របបរបស់លោកគីមបានប្រកាសថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ “ដែលមិនអាចផ្លាស់ប្តូរបាន” ហើយបានប្តេជ្ញាថានឹងបង្កើនការផលិតសព្វាវុធរួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ខណៈសហរដ្ឋអាម៉េរិកសម្លឹងរើសព្វាវុធបន្ថែមទៀតមកកាន់តំបន់ដើម្បីការពារសម្ពន្ធមិត្តសេអ៊ូល។
អគ្គសេនាធិការចម្រុះរបស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា “ខ្លួនបានរកឃើញការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចេញពីទីក្រុងកំពង់ផែ ណាមប៉ូ (Nampo)ភាគខាងលិចកូរ៉េខាងជើងនៅម៉ោង ៦៖២០ ល្ងាច”។
អគ្គសេនាធិការចម្រុះបានបន្ថែមថា ខ្លួនកំពុងវិភាគ “លទ្ធភាពដែលកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ពីតំបន់តែមួយក្នុងពេលដំណាលគ្នា”។
អគ្គសេនាធិការចម្រុះនិយាយថា “យោធារបស់យើងរក្សាជំហរត្រៀមខ្លួនពេញលេញ ខណៈធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក នៅពេលដែលយើងពង្រឹងការឃ្លាំមើលនិងការប្រុងប្រយ័ត្ន”៕
យោធារបស់រដ្ឋាភិបាលក្រុងសេអ៊ូលនិយាយថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃព្រហស្បតិ៍