ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១០ មីនានេះ ក្រុមបាល់ទាត់នារី អាយុក្រោម ២០ឆ្នាំរបស់កម្ពុជា ត្រូវជួបប្រកួតជាមួយក្រុម U-20 ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ 2024 AFC U-20 Women’s Asian Cup qualification) ពូល G។ សម្រាប់ ពូល G នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមាន ៣ ក្រុម ចូលរួមគឺ កម្ពុជា មីយ៉ាន់ម៉ា និងក្រុមម៉ាឡេស៊ី។
កាលពីថ្ងៃទី៨ មីនា ក្រុមកម្ពុជា បានបាត់បង់អស់ ៣ ពិន្ទុ បន្ទាប់ពីប្រកួតចាញ់ មីយ៉ាន់ម៉ា ០ទល់២នោះ។ ក្នុងពូលនីមួយៗ គឺជ្រើសរើសយកតែមួយក្រុមប៉ុណ្ណោះ សម្រាប់ឡើង ទៅលេងបន្តវគ្គជម្រុះជុំទី២។
កម្ពុជា បន្ទាប់ពីចាញ់មីយ៉ាន់ម៉ា កាលពីប្រកួតដំបូងនោះ ឱកាសឡើងទៅវគ្គបន្ត ទំនងជាបាត់បង់ហើយ លើកលែងតែការប្រកួតថ្ងៃនេះ ឈ្នះក្រុមម៉ាឡេស៊ី ហើយ នៅថ្ងៃទី១២ មីនា ក្រុមម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា លើសពី ២ គ្រាប់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចែកជា ៨ ពូល ដែល ៧ ពូលទៀតលេងនៅទឹកដី កណ្ដាល គឺនៅបង់ក្លាដែស ហ្សកដានី Kyrgyz Republic ឡាវ ប៉ាឡេស្ទីន ថៃ និង វៀតណាម។ ចំពោះវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើពីថ្ងៃទី៣ ដល់១៦ មីនា ឆ្នាំ២០២៤ នៅប្រទេសអ៊ូបេគីស្ថាន៕/V/R