ដោយៈ សុវណ្ណ / រតនគិរីៈ មុខរបរតម្បាញសំលៀកបំពាក់របស់ បងប្អូនជនជាតិដើម ភាគតិច នៅខេត្តរតនគិរី បច្ចុប្បន្ន ពុំសូវមានអ្នកផលិតច្រើន ដូចមុនទេ ដោយសារតែ ពុំមានទីផ្សារ សម្រាប់លក់ដូរ។

អ្នកស្រី ប៊ឺត ភ្លុន ជនជាតិទំពួន វ័យ ៥៣ ឆ្នាំ រស់នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្ដរតនគិរី បានឲ្យដឹងថាៈ គាត់បានចាប់យករបរតម្បាញសម្លៀកបំពាក់ នេះ ជាង ២០ ឆ្នាំមកហើយ ដោយសារគាត់ ស្រឡាញ់ចូលចិត្ត ហើយបានរៀនពីម្ដាយ របស់គាត់។

អ្នកតម្បាញរូបនោះ បានឲ្យដឹងទៀតថាៈ សម្លៀតបំពាក់ដែលគាត់ បានផលិតឡើង រួចនោះ រួមមាន សំពត់ ប៉ឹង ភួយ និងក្រមា ដែលធ្វើពីអំបោះទិញពីផ្សារបានលុង។ សម្លៀកបំពាក់ខ្លះ គាត់ប្រើពេលត្បាញ ១០ ថ្ងៃ តែបើភួយ គាត់ត្បាញ រយៈពេលដល់ទៅ មួយខែ ទើបរួច ហើយលក់ផ្សេងៗពីគ្នា ភួយមួយ លក់ក្នុងតម្លៃ ៤០ ម៉ឺនរៀល សំពត់មួយ លក់ ១០ ម៉ឺនរៀល ប៉ឹងមួយឈុត លក់តម្លៃ ៨ ម៉ឺនរៀល ក្រមាតូច លក់ ១ ម៉ឺនរៀល ក្រមាធំ ២ ម៉ឺនរៀល។

អ្នកតម្បាញ បានត្អូញត្អែរថាៈ សូមឲ្យបងប្អូនជិតឆ្ងាយ ជួយគាំទ្រ និងទិញសម្លៀកបំពាក់ របស់បងប្អូនជនជាតិដើមភាគតិច យកទៅប្រើប្រាស់ផង ព្រោះសព្វថ្ងៃនេះ លក់មិនដាច់ឡើយ ហើយក្មេងៗ ក៍គេមិននិយម។

លោក វេន ចឺ ប្រធានសហគមន៍បឹងយក្សឡោម បានឲ្យដឹងកាលពីថ្ងៃទី៧ មីនា កន្លងទៅ ថ្មីៗនេះថាៈ បច្ចុប្បន្ន សម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច បានដាក់តាំងនៅ ពីរ កន្លែង លក់នៅរមណីយដ្ឋានបឹងយក្សឡោម ប៉ុន្ដែលក់ពុំសូវដាច់ ដូចពេលកន្លងមក ទេ ដោយពុំមានភ្ញៀវទេសចរ មកលេង។

ប្រធានសហគមន៍បឹងយក្សឡោម បានបញ្ជាក់ថាៈ កាលមុនកើតមានជំងឺកូវីដ-១៩ ភ្ញៀវតែងមកពីបណ្ដាខេត្ដផ្សេងៗ នាំគ្នាមកលេងច្រើនកុះករ អ្នកខ្លះបានទិញសម្លៀក បំពាក់របស់បងប្អូនជនជាតិ យកទៅប្រើប្រាស់ គឺលក់ដាច់គួរសមដែរ តែក្រោយមក លក់មិនសូវដាច់ទេ ហើយមានពេលខ្លះ គឺលក់មិនដាច់សោះ ក៍មានដែរ។

លោក ថុល យុពង្ស ប្រធានការិយាល័យសិល្បៈ និងទស្សណីភាព និងទទួលបន្ទុក មរតកវប្បធម៌អរូបីយ៍ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោកបានទទួលស្គាល់ថា របរតម្បាញរបស់ជនជាតិដើមភាគតិច នៅខេត្តរតនគិរី បានបោះបង់ជាបន្ដបន្ទាប់មែន គឺក្រោយពីអង្កការមួយ បានបញ្ចប់បេសកម្ម ម្យ៉ាងទៀត ដោយសារពួកគាត់ត្បាញ បានជាសម្លៀកបំពាក់ហើយ ពុំមានអ្នកទទួលទិញ យកទៅលក់បន្ដ។

លោក ថុល យុពង្ស បានបន្ដថាៈ បច្ចុប្បន្ន មុខរបរតម្បាញរបស់ជនជាតិដើម នៅសល់តែ បីភូមិប៉ុណ្ណោះ គឺភូមិភ្នំ ភូមិឡាប៉ូ និងភូមិសិល សង្កាត់យក្សឡោម ក្រុងបានលុង។ ចំណែកនៅស្រុកតាវែង ស្រុកអូរជុំ និងស្រុកផ្សេងៗទៀត បានបោះបង់ស្ទើទាំងស្រុង ទៅហើយ ដោយសារចំណូល ដែលបានពីលក់សម្លៀកបំពាក់នោះ ពុំអាចផ្គត់ផ្គង់ ជីវភាពគ្រួសារប្រចាំថ្ងៃ បានគ្រវ់គ្រាន់។

លោក យុពង្ស បានបញ្ជាក់ថាៈ ក្រោយពីពួកគាត់ បោះបង់មុខរបរតម្បាញនោះ ចោល កន្លងមក លោកក៏បាននាំមន្ត្រី ចុះទៅជួយពន្យល់ពីគុណតម្លៃ នៃកាត្បាញរបស់ពួកគាត់ ដែរ ព្រោះថា ជាមរតកវប្បធម៌អរូបិយ៍មួយ ហើយតម្រូវឲ្យក្រុមយុវជន ប្រមូលផ្តុំចូលរួម ដើម្បើបានយល់ដឹង ដោយតម្រូវឲ្យចាស់ទុំ ដែលមានចំណេះជំនាញ ជួយបង្រៀន ពួកគេ។

លោកបានបញ្ជាក់ថាៈ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ខាងអគ្គបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយ ដើម្បីចងក្រឯកសាពាក់ព័ន្ធ ក្រមាប្រពៃណី ដើម្បីដាក់ចូលក្នុងបញ្ជីមរតកអរូបិយ៍មនុស្សជាតិ ទៅអង្កការយូណេស្កូ (UNESCO) ហើយទន្ទឹមនោះដែរ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ដរតនគិរី ក៏បានសុំឲ្យបញ្ចូល ក្រមារបស់ជនជាតិភាគតិច ទៅអង្កការយូណេស្កូ ផងដែរ៕ V / N