​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អភិបាលខេត្ត​បាល់ខ៍ (Balkh)​របស់​ពួក​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ត្រូវបាន​សម្លាប់​នៅ​ការិយាល័យ​របស់​គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មីនា នៅក្នុង​ការវាយប្រហារ​អត្តឃាត ដែល​ក្រោយមក​ត្រូវបាន​អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS)​។​

​ការសម្លាប់​លោក​អភិបាលខេត្ត ម៉ូ​ហា​ម៉ាត់ ដា​វូដ មូ​ហ្សា​ម​មីល (Mohammad Dawood Muzammil) កត់សម្គាល់​នូវ​ការវាយប្រហារ​កម្រិត​ខ្ពស់​បំផុត​មួយ​ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​វាយលុក​ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ ២០២១​។ ប៉ូលិស​និយាយថា មនុស្ស​ទី​ពីរ​ក៏​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​ផងដែរ​។​

​លោក​អភិបាលខេត្ត ម៉ូ​ហា​ម៉ាត់ ដា​វូដ មូ​ហ្សា​ម​មីល

​ក្រុម​ជី​ហាដ​និយម​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​ទីភ្នាក់ងារសារព័ត៌មាន Amaq របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា អ្នក​ប្រយុទ្ធ IS​ម្នាក់​រង់ចាំ​លោក​អភិបាល​នៅ​ការិយាល័យ​របស់​គាត់ “​ហើយ​រត់​ទៅរ​ក​គាត់​ដោយ​បំផ្ទុះ​ខ្សែក្រវាត់​គ្រាប់បែក​របស់​ខ្លួន​តែម្តង​”​។​

​លោកមូ​ហ្សា​ម​មីល ទើបតែ​បាន​ជួប​មួយ​ថ្ងៃមុន​នេះ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កំពូល​ដែល​មក​ពី​ក្រុង​កា​ប៊ុល​។​

​អំពើ​ហិង្សា​នៅ​ទូ​ទាំង​អា​ហ្វ​ហ្គានី​ស្ថានបាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ក្រុម​តា​លី​បង់​ដណ្តើម​បាន​ការគ្រប់គ្រង ប៉ុន្តែ​ស្ថានភាព​សន្តិសុខ​កាន់តែ​យ៉ាប់យ៉ឺន​ម្តងទៀត​នៅពេល​ក្រុម IS អះអាង​ការវាយប្រហារ​ដ៏​ប្រល័យ​ជាច្រើនលើក​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក្នុង​តំបន់ លោក អាស៊ី​ហ្វ វ៉ា​ហ្ស៊ី​រី (Asif Waziri) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​មនុស្ស​ពីរ​នាក់ រួមទាំង​លោក​ម៉ូ​ហា​ម៉ាត់ ដា​វូដ មូ​ហ្សា​ម​មីល អភិបាលក្រុង​បាល់ខ៍ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការផ្ទុះ​មួយ​នៅ​ព្រឹក​នេះ​” ដោយ​បន្ថែម​ថា ការ​បំផ្ទុះ​បាន​កើត​ឡើង​នៅ​ជាន់​ទី​ពីរ​នៃ​ការិយាល័យ​របស់​គាត់ ក្នុង​ទី​រួម​ខេត្ត​ម៉ាហ្សា អ៊ី សារីហ្វ (Mazar-i-Sharif)​។​

​ក្រុម IS បាន​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏​ធំ​បំផុត​ចំពោះ​រដ្ឋាភិបាល​តា​លី​បង់​ចាប់តាំងពី​ឆ្នាំមុន ដោយ​ធ្វើការ​វាយប្រហារ​លើ​ជន​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន ក៏​ដូច​ជា​ជនបរទេស​និង​ផលប្រយោជន៍​​បរទេស​៕

បុរស​ម្នាក់​កំពុង​រុញ​បុរស​រងរបួស​ម្នាក់​ទៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង​ម៉ាហ្សា​អ៊ី​សារីហ្វ បន្ទាប់​ពី​មាន​ការវាយប្រហារ​អត្តឃាត​នៅ​ការិយាល័យ​អភិបាលខេត្ត​បាល់ខ៍