ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖មានការបាញ់ប្រហារមួយនៅក្នុងអាគារប្រើដោយអង្គការសាសនាកាតូលិចហ្សេហូវ៉ា វីនីសស៊ីស(Jehovah’s Witnesses)ក្នុងទីក្រុងហាំប៊ឺករបស់អាល្លឺម៉ង់កាលពីយប់ថ្ងៃព្រហស្បតិ៍ ជាហេតុនាំអោយស្លាប់មនុស្ស៧នាក់និងរបួសមនុស្សជាច្រើន នេះបើតាមការបញ្ជាក់ពីប៉ូលីស។
មិនមានសញ្ញាថាជនវាយប្រហារកំពុងរត់គេចខ្លួនទេ តែក៏មិនអាចបញ្ជាក់បានថា ជនល្មើសស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។មនុស្សជាច្រើនបានរងរបួស តែប៉ូលីសមិនបានបញ្ជាក់ថាប៉ុន្មាននាក់ទេ។
កាសែតប៊ីល( Bild)របស់អាល្លឺម៉ង់ បានរាយការណ៍ថា មនុស្សប្រាំពីរនាក់បានស្លាប់និងប្រាំបីនាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅអាគារសាសនាJehovah’s Witnessនៅសង្កាត់ខាងជើងនៃទីក្រុងហាំប៊ឺក។
អ្នកនាំពាក្យប៉ូលីសបាននិយាយថា ប៉ូលីសបានទទួលការហៅទូរស័ព្ទនៅក្រោយម៉ោង៩យប់ ហើយប៉ូលីសបានទៅដល់កន្លែងកើតហេតុភ្លាមនិងបានឃើញមនុស្សជាច្រើនស្លាប់និងរងរបួស។«បន្ទាប់មកគេឮសម្លេងបាញ់កាំភ្លើងនៅខាងលើ ហើយពួកគេក៏ឡើងទៅកាន់ជាន់លើតែមិនបានឃើញមនុស្សណាម្នាក់ទេ»។
ទីភ្នាក់ងារសារព័ត៌មានDPAរបស់អាល្លឺម៉ង់ បាននិយាយថា អ្នកស្រុកក្នុងមូលដ្ឋានក្នុងសង្កាត់ អាល់ស្ទែរដហ្វ(Alsterdorf)បានទទួលការព្រមានតាមទូរស័ព្ទអំពី«ស្ថានការណ៍គំរាមដល់ជីវិត»និងថាបណ្តាដងវិធីនៅទីនោះត្រូវបានបិទ។
រូបភាពទូរទស្សន៍បង្ហាញរថយន្តប៉ូលីសជាច្រើន ព្រមទាំងរថយន្តផ្នែកអគ្គិភ័យបានបិទផ្លូវនិងមនុស្សខ្លះត្រូវគ្របភួយហើយត្រូវបានសែងចូលរថយន្តក្រុងមួយ។
សូមបញ្ជាក់ថា អាល្លឺម៉ង់ជួបការបាញ់ប្រហារមួយចំនួននៅប៉ុន្មានឆ្នាំមកនេះ ។កាលពីខែកុម្ភៈឆ្នាំ២០២០ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សប្រាំបួននាក់ រួមមានជនអន្តោប្រវេសន៍មកពីតួកគីនៅទីប្រជុំជនហាណាវ(Hanau)មុនបាញ់សម្លាប់ខ្លួនឯងនិងម្តាយរបស់ខ្លួន។នៅខែតុលាឆ្នាំ២០១៩ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សពីរនាក់នៅទីក្រុង ហាលឡេ(Halle)៕