ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងការ ចេញផ្សាយព័ត៌មានរបស់ ក្រុមអ្នករាយការណ៍ពិសេស ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោសលោក កឹម សុខា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថាៈ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិត ត្រូវរ៉ូវគ្នា ជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់ នៅក្នុងបញ្ញត្តិ មាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្ម ទណ្ឌ។ សវនាការដោយយុត្តិធម៌ លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់ តាម រយៈការបើកសវនាការ ដោយតម្លាភាព និងជាសាធារណៈ ចំនួន ៦៦ លើក។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបន្តថាៈ យោងតាមការចេញផ្សាយព័ត៌មានរបស់ ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោ បាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការ អន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការចាំបាច់ សូមផ្តល់ការបំភ្លឺអង្គហេតុ និងអង្គ ច្បាប់ ដូចតទៅ៖
១. ការលើកកម្ពស់ និងការធ្វីឱ្យប្រសើរទ្បើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិប តេយ្យត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តី សិទ្ធិ និងសេរីភាព ទាំងទ្បាយណាដែលធ្វើឡើង តាមរយៈការឃុបឃិតផែនការសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។
២. នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់ អាចត្រូវ រងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាន នៃបទល្មើស ដែលបាន ប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិត នៅក្រោមស្លាកបក្សនយោបាយប្រឆាំង ឬយ៉ាងណា ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះ ធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលបានប្រព្រឹត្ត មិនអាចត្រូវបាន ប្រើជាទឡ្ហីករណ៍ សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។
៣. ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើស សន្ទិដ្ឋិភាព ឬឃុបឃិត ត្រូវរ៉ូវគ្នា ជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិ មាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌ លើ លោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់ តាមរយៈការ បើកសវនាការដោយតម្លាភាព និងជាសាធារណៈ ចំនួន ៦៦ លើក។
៤. ក្រុមអ្នកជំនាញដែលបានធ្វើអត្ថាធិប្បាយ ដោយសំអាងទៅលើមតិរបស់ក្រុមការងារ ស្តីពីការឃុំខ្លួនតាមទំនើងចិត្ត ដែលជាបណ្តុំបុគ្គល ៥ រូប រួមគ្នា មិនត្រឹមតែពុំមានសំអាង ត្រឹមត្រូវ ហើយថែមទាំងបង្កឱ្យមានការភ័ន្តច្រឡំទៀតផង។ មតិរបស់ក្រុមការងារនេះ ពុំមានទម្ងន់អ្វីទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ ។ បុគ្គលទាំង៥ រូប ពុំមែនជាមន្រ្តីអង្គការសហប្រជាជាតិ គ្រាន់តែបម្រើក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹងជាក់ស្តែង អំពីការពិត និងច្បាប់របស់កម្ពុជា។
៥.ផ្ទុយពីការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ ការចាប់ និងឃុំខ្លួន លោក កឹម សុខា គឺធ្វើទ្បើងស្របតាមនីតិវិធីច្បាប់ទាំងស្រុង។ ដោយជនជាប់ចោទ បានប្រព្រឹត្តបទល្មើសជាក់ស្តែង នគរបាលយុត្តិធម៌ មានសិទ្ធិអំណាចពេញលេញ ក្នុងការចាប់ខ្លួន នៅពេលវេលា និងទីកន្លែងណាក៏បាន ដោយមិនគិតពីអភ័យឯកសិទ្ធិ សភា។ ចាប់តាំងពីការចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧ មក លោក កឹម សុខា ទទួលបានសិទ្ធិ និងឱកាសការពារផ្លូវច្បាប់ យ៉ាងពេញលេញ ដោយមានការគាំទ្រ ពីមេធាវី ចំនួនបួនរូប ដើម្បីការពារខ្លួន ពីការចោទប្រកាន់ និងបង្ហាញទឡ្ហីករណ៍ នៅក្នុងតុលាការ ដែលជាផ្នែកនៃសិទ្ធិទទួលបានការជំនុំជម្រះក្តី ដោយយុត្តិធម៌។
៦. ការចោទប្រកាន់ថា ការឃុំខ្លួនលោក កឹម សុខា បណ្តោះអាសន្ន ធ្វើឡើងតាមទំនើង ចិត្ត គឺគ្រាន់តែជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់ អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈចង់យល់ដឹង អំពីនីតិវិធីតុលាការកម្ពុជា ពីសំណាក់ក្រុមអ្នករាយការណ៍ ពិសេសទាំងនោះ។ យោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃ ការឃុំខ្លួនបណ្តោះអាសន្ន ក្នុងករណីបទឧក្រិដ្ឋ អាចពន្យារដល់អតិបរមា១៨ ខែ។ ការដែលលោក កឹម សុខា ត្រូវបានដោះលែង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ “ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមានលក្ខខណ្ឌ” មានន័យថា គាត់ពុំស្ថិត នៅក្រោមការឃុំខ្លួនបណ្តោះអាសន្នទៀតទេ។ វិធានការត្រួតពិនិត្យរបស់តុលាការ គឺ គ្រាន់តែជាការធានាវត្តមានជនជាប់ចោទ ដើម្បីបន្តនីតិវិធីច្បាប់ នៅចំពោះមុខ តុលាការ។
៧. ការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជា សាធារណៈនៅក្នុងបន្ទុកសវនាការ មានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើ បទដ្ឋាននៃវិជ្ជាជីវៈច្បាប់ និងតុលាការ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យចូលទៅក្នុងបន្ទប់សវនាការ តែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែង នៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងសន្តិសុខ។ ក្រុមអ្នករាយការណ៍ពិសេស ប្រហែលពុំបានដឹងទេថា មានតំណាងអង្គទូតជាច្រើន បានចូលរួមតាមដាន នៅក្នុងបន្ទប់សវនការទាំងមូល។
៩. ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើ នយោបាយ ដោយសារការបំពានច្បាប់ក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវ ការបោះឆ្នោតជាសកល នៅខែកក្កដា ខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីឆន្ទៈរបស់ពលរដ្ឋ។
១០.ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានា នៅទីក្រុងហ្សឺណែវ សូមទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយ ដែលអាចត្រូវបានគេចាត់ ទុកថា ជាការជ្រៀតជ្រែក ក្នុងប្រព័ន្ធតុលាការកម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ តុលាការក្រុងភ្នំពេញ បានប្រកាស សាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទស ឬ បទឃុបឃិតត្រូវរ៉ូវគ្នជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគ បោះឆ្នោត និងសិទ្ធិធ្វើសកម្ម ភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
ដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យ តាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ចមួយចំនួន ដូចខាងក្រោម ៖
-មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។
-មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោល តាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់ តែប៉ុណ្ណោះ។
-កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអានុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃ ប្រកាសសាលក្រមនេះ រហូតដល់ពេលសាលក្រមចូលជាស្ថាពរ៕ V / N