ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតប្រដាល់ជើងឯកជាតិ ឆ្នាំ២០២២ ដែលចាប់ផ្ដើម ពីថ្ងៃទី៦ មកនោះ បានបញ្ចប់ហើយ នាល្ងាចថ្ងៃទី៩ មីនា ម្សិលមិញនេះ។

ក្រុមកីឡាករ កីឡាការិនី ប្រដាល់គុនខ្មែរ របស់ក្រសួងការពារជាតិ ដណ្តើមបានជើងឯក ប្រចាំឆ្នាំ បន្ទាប់ពីក្រុមនេះ ទទួលបានមេដាយមាស រហូតដល់ ៨ គ្រឿង ខណៈក្រុម កីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ត្រឹមតែ ២ គ្រឿងនោះ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខា ធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមបិទព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកប្រចាំឆ្នាំនេះ។

លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យ ដឹងថាៈ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ មានក្លិប ប្រដាល់គុនខ្មែរ ចំនួន ១០ ចូលរួម និងមានកីឡាករ-កីឡាការិនី ចំនួន ១១១ នាក់ រួមមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តស្វាយរៀង។

ចំពោះលទ្ធផលប្រកួត រួមមាន ក្រសួងការពារជាតិ ដណ្តើមេដាយមាស ៨ គ្រឿង និង ប្រាក់ ២ គ្រឿង ក្រសួងមហាផ្ទៃ ដណ្តើមេដាយមាស ២ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ខេត្តស្វាយរៀង ដណ្តើមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៥ គ្រឿង និងខេត្តព្រៃវែង ដណ្តើមេដាយមាស ១ គ្រឿង ប្រាក់ និងសំរិទ្ធ ២ គ្រឿង។

ដោយឡែក​ខេត្តមណ្ឌលគិរី ដណ្តើមេដាយមាស១គ្រឿង ខេត្តបន្ទាយមានជ័យ ដណ្តើម មេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តបាត់ដំបងដណ្តើមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ៦ គ្រឿង និងខេត្តកណ្តាលដណ្តើមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ៤ គ្រឿង៕ V / N