ដោយ៖ដេប៉ូ / ភ្នំពេញ៖ សត្វទន្សោង ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទ ជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ ទីកន្លែង នៅតាមតំបន់ព្រៃ ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីង ជាដើម។

សត្វទន្សោង នៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ថា មាន ប្រមាណជាង ១.៥០០ ក្បាល។ សត្វប្រភេទនេះ គឺភាគច្រើន នៅតំបន់ព្រៃល្បោះ មានអូរ ស្ទឹង ត្រពាំង ថ្លុក ដែលមាន ស្មៅ ស្បូវ ព្រេច ឫស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងប្រទេស។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ថា៖ ទន្សោង មានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរក ធ្លាក់ចុះក្រោម ដូចគោស្រុកទេ។ ទន្សោង មានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួន ចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វា មានពណ៌ស នៅផ្នែកក្រោយ ត្រង់កំពែងគូទ រឺឯស្នែង វាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ ភ្លឺរលោង ចាប់ពីពាក់កណ្ដាល ស្នែងចុះក្រោម និងចុងស្នែង មានពណ៌ខ្មៅ។

បន្ទាប់ពីពពោះ រយៈពេលប្រមាណជា ១០ខែ ទន្សោង អាចបង្កើតកូនបាន ១-២ ក្បាល និងអាចដោយឈ្មោលម្តងទៀត ក្រោយពីកើតកូនបាន ២ ខែ ។

គួរបញ្ជាក់ថា បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនាថ្មីៗមកនេះថាៈ ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់ សត្វព្រៃ ដោយការប្រើប្រាស់ ឆ្កែប្រមាញ់ ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែង ដែលកំពុងតែកើតឡើង មកលើសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់គ្រប់ភាគី ទាំងអស់ ត្រូវចូលរួមក្នុងការដោះស្រាយ បញ្ហាអន្ទាក់នេះ ដើម្បីផ្តល់សុវត្ថិភាព ដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី។

ជាមួយគ្នានេះ លោកបានពន្យល់ថាៈ ការធ្លាក់ចុះនៃសត្វមួយចំនួន ដោយសារតែកត្តា គំរាមកំហែងចម្បង គឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិត និងកាំភ្លើងកែច្នៃ ដើម្បីបាញ់សត្វ ព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃ ដោយខុសច្បាប់ នៅតែកើតមាន។

ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា ធ្លាប់បាន បញ្ជាក់ថាៈ តំបន់ទេសភាពភាគខាងកើត គឺជាគ្រាប់ពេជ្រមិនទាន់ច្នៃ ដែលមានសក្តានុ ពល ទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃ ល្បោះ ដែលជាជម្រកសត្វ ប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ ភាគរយ នៃសត្វទន្សោង នៅលើពិភពលោក រស់នៅតំបន់ដែន ជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីភាពចាំបាច់ ដែលត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះ ដើម្បីបង្កើនចំនួនជីវៈចម្រុះ ផងដែរ៕ V / N