ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ដោយទំនងជាព្យាយាមសម្រាលការព្រួយបារម្ភខណៈការបោះឆ្នោតសកលខិតមកកាន់តែកៀក នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃព្រហស្បត៍ទី៩មីនាបានសន្យាថានឹងមិនមានរដ្ឋប្រហារទៀតទេ ដោយថារដ្ឋប្រហារឆ្នាំ២០១៤ជាករណីចុងក្រោយ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួរមួយពាក់ព័ន្ធនឹងសម្តីរបស់ឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ុន ដែលក៏ជាប្រធានគណបក្សផាឡាង ប្រាចារ៉ាត នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃពុធ។
ឧត្តមសេនីយ៍ ប្រាវីត ដែលក៏ជាបេក្ខជននាយករដ្ឋមន្ត្រី បានអះអាងថាលោកអាចធ្វើបានល្អប្រសើរជាងអ្នកដទៃក្នុងការជំរុញការផ្សះផ្សារជាតិនិងសម្របសម្រួលការអភិវឌ្ឍជាតិរវាងពួកអ្នកនយោបាយនិងក្រុមឥស្សរជនសម្រាំងថ្នាក់លើរបស់ប្រទេស។
ប្រាវីតបាននិយាយថាលោកមានការយល់ដឹងល្អអំពីរចនាសម្ពន្ធអំណាចរបស់ប្រទេស ដែលរងគ្រោះពីការតស៊ូនិងបែងចែកអំណាចនៅក្នុងប្រទេស។«នឹងមានការជំរុញនិងផ្សព្វផ្សាយរចនាសម្ពន្ធនេះច្រើនឡើងក្នុងចំណោមសាធារណជន»។
លោកថាការតស៊ូរវាងក្រុមមានមនោគវិជ្ជាផ្សេងគ្នាបានមានសម្ទុះខ្លាំងនៅប៉ុន្មានឆ្នាំមកនេះ ដោយក្រុមវរជនសម្លឹងមកកាន់ភាពចំកួតរបស់ពួកអ្នកនយោបាយនិងអស្ថិរភាពរបស់ប្រជាជនដើម្បីជ្រើសរើសបុគ្គលសំរាប់ដឹកនាំប្រទេស។
ឧត្តមសេនីយ៍ ប្រាវីត បានសរសេរបង្ហោះទៀតថា«ខ្ញុំបានដឹងថាពួកអ្នកគាំទ្ររដ្ឋប្រហារមិនដែលបញ្ឈប់គំនិតចង់ស្ថិតនៅក្នុងរចនាសម្ពន្ធអំណាចទេ។ចូរពិនិត្យមើលស្ថានភាពទាំងមូល ថាតើអ្វីបានជាពួកមានឥទ្ធិពលនិងក្រុមត្រួតបញ្ជាប្រទេសទេស គិតគូរនិងធ្វើការរួមគ្នាដូច្នេះ»។
លោកបានបន្ថែមថា លោកមានបំណងអញ្ជើញសមាជិកក្រុមវរជនរបស់ប្រទេសចូលរួមក្នុងការអភិវឌ្ឍប្រទេស ក្នុងបំណងបញ្ចប់ជម្លោះនយោបាយ។
នៅពេលត្រូវបានសួរអំពីរដ្ឋប្រហារក្នុងសារបង្ហោះដោយលោកប្រាវីត ឧត្តមសេនីយប្រាយុទ្ធ បាននិយាយថា«រដ្ឋប្រហារចុងក្រោយបំផុត បានកើតឡើងយូរយាមកហើយ។ខ្ញុំនៅទីនេះជានាយករដ្ឋមន្ត្រីនៃប្រព័ន្ធអាស្រ័យសភានិងរដ្ឋធម្មនុញ្ញ មែនទេ? ពួកលោកអ្នកគួរយល់ថាមានអ្វីកើតឡើងនៅក្នុងប្រទេសនេះមុនរដ្ឋប្រហារ»។
ប្រាយុទ្ធដែលបានដឹកនាំធ្វើរដ្ឋប្រហារឆ្នាំ២០១៤បានសួរថា«តើនឹងមានអ្វីកើតឡើងបើមិនមានធ្វើអ្វីមួយដើម្បីបញ្ឈប់ជម្លោះនាពេលនោះ? »។
នៅពេលត្រូវបានសួរថាតើនៅមានជម្លោះដែលអាចនាំដល់រដ្ឋប្រហារស្រដៀងគ្នាមួយទៀតទេនាពេលអនាគត លោកប្រាយុទ្ធបាននិយាយថា «មិនមានជម្លោះធ្ងន់ធ្ងរទេ។ប្រទេសត្រូវតែមានសន្តិភាពនិងប្រជាជនមានសុភមង្គល។សូមកុំទាញត្រឡប់ទៅរកស្ថានភាពដូចមុន»។
នៅពេលត្រូវបានសួរថាតើនឹងមានរដ្ឋប្រហារណាមួយទេ បើលោក(ប្រាយុទ្ធ)មិនអាចបន្តនៅក្នុងអំណាចនៅក្រោយការបោះឆ្នោត លោកបានសួរថា«នរណានឹងដឹកនាំធ្វើរដ្ឋប្រហារ?។ខ្ញុំបាននិយាយយូរមកហើយថា រដ្ឋប្រហារឆ្នាំ២០១៤ជារដ្ឋប្រហារចុងក្រោយ។នឹងមិនមានរដ្ឋប្រហារជាថ្មីទេ»។
ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា «វាអាស្រ័យលើអ្នករាល់គ្នាជួយរារាំងវា។បើសិនជាមានជម្លោះធ្ងន់ធ្ងរណាមួយកើតមានជាថ្មី ខ្ញុំអត់ដឹងដោះស្រាយយ៉ាងមិចទេ ពីព្រោះខ្ញុំមិនមានសិទ្ធិអ្វីត្រូវចាត់ការដោះស្រាយវាទេនៅពេលឥឡូវ»៕
ឧត្តមសេនីយ៍ ប្រាយុទ្ធដែលបានចាកចេញពីគណបក្សរបស់លោក ប្រាវីត ទៅចូលរួមជាមួយគណបក្សទើបបង្កើតថ្មីមួយ បាននិយាយថាលោកនៅមានទំនាក់ទំនងល្អជាមួយលោកប្រាវីត
ឧត្តមសេនីយ៍ ប្រាវីត អួតថាលោកអាចផ្សះផ្សារជាតិបានល្អជាងអ្នកដទៃ