ដោយៈ សុផល / ភ្នំពេញ៖ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោម ក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែង ៩៦ គីឡូម៉ែត្រ សម្រេចការសាងសង់ បាន ៦៩% ហើយ។ គម្រោងនេះ សាងសង់ដោយក្រាលកៅស៊ូ DBST ក្រោមកម្ចី ពីរដ្ឋាភិបាលចិន។ នេះបើយោងតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» កាលពីពេលថ្មីៗនេះ។

សម្រាប់គម្រោងស្ថាបនា កំណាត់ផ្លូវជាតិលេខ១០ នេះដែរ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចការសាងសង់បានជិត ៧០% នេះបើតាមការបញ្ជាក់​របស់អភិបាលខេត្តបាត់ដំបង លោក សុខ លូ កាលពីពេលថ្មីៗនេះ។

ចំពោះគម្រោងសង់ផ្លូវជាតិលេខ១០ ទាំងមូល មានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ សម្រេចបានជិត ៦០%។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ៕ V / N