ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គការចំនួន២ គឺ យូនីសេហ្វកម្ពុជា និងអង្គការ Save the Children ប្រចាំកម្ពុជា បានរួមគ្នារៀបចំវេទិកាក្នុងរាជធានីភ្នំពេញ ដើម្បីប្រារឰខួប លើកទី១០ នៃការប្រកាសដាក់ឲ្យប្រើប្រាស់ជាសាកល នូវគោលការណ៍សិទ្ធិកុមារ និងធុរកិច្ច។

យោងតាមសេចក្តីប្រកាសរបស់អង្គការទាំង២នេះ បានបញ្ជាក់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ គោលការណ៍ទាំងនេះផ្តល់ការណែនាំដល់ធុរកិច្ច ដោយដាក់ បញ្ចូលសិទ្ធិកុមារ ទៅក្នុងយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់ពួកគេ។ តំណាង ចំនួន៥០រូប មកពីវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានចូលរួម ក្នុងវេទិកានេះ ដើម្បីពិភាក្សា អំពីទំនួលខុសត្រូវ របស់ធុរកិច្ច ទាក់ទងនឹងសិទ្ធិកុមារ អបអរសាទរវឌ្ឍនភាព ដែលសម្រេចបានកន្លងមក និងឯកភាពគ្នាលើអាទិភាព សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ

បញ្ជាក់ក្នុងពិធីនេះ លោក ហួត ពុំ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញា អង្គការសហ ប្រជាជាតិ ស្តីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ ហើយនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការការពារ និងបំពេញនូវសិទ្ធិកុមារគ្រប់រូប

លោកបានថ្លែងដែរថា៖កុមារទាំងអស់ ស្ថិតក្រោមផលប៉ះពាល់ ពីសកម្មភាពនៃ វិស័យធុរកិច្ច មិនត្រឹមតែក្នុងនាម ជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិក និងអ្នកដឹក នាំធុរកិច្ច នាពេលអនាគត ផងដែរ។ គោលការណ៍ធុរកិច្ច និងសិទ្ធិកុមារ បានផ្តល់ជា មគ្គុទេ្ទសក៏ដ៏សំខាន់ ខណៈរដ្ឋាភិបាល បានធ្វើការជាមួយវិស័យឯកជនដើម្បីដាក់ បញ្ចូលសិទ្ធិកុមារ ជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ ថ្ងៃនេះយើងទទួលស្គាល់វឌ្ឍនភាព ដែលសម្រេចបាន ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តរបស់យើងក្នុងការធ្វើឲ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងរយៈពេល ១០ឆ្នាំខាងមុខ»

គួរបញ្ជាក់ថា គោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើង ដោយយូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការណែនាំ សម្រាប់ធុរកិច្ចស្តីពីការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការរបស់ពួកគេ។ កុមារទទួលរងឥទ្ធិពលពីវិស័យ ឯកជន ក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មាន ពីការផ្សព្វផ្សាយលក់ និងការផ្សាយពាណិជ្ជកម្ម ក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថាន ដែលពួកគេរស់នៅ និងលេងកំសាន្ត។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ថាៈជីវិតរបស់ កុមាររងផលប៉ះពាល់ ពីវិស័យឯកជន ជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ ដែលធុរកិច្ច ត្រូវធ្វើសកម្មភាពយ៉ាងណា ដើម្បីផ្តល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់ កុមារ

ការបំពេញកិច្ចសន្យា របស់គោលការណ៍ ស្តីពីសិទ្ធិកុមារ និងធុរកិច្ច អាចសម្រេចបាន លុះត្រាណាតែមានកិច្ចសហការគ្នា យ៉ាងជិតស្និទ្ធ រវាងធុរកិច្ច រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានថ្លែង ចំណាប់អារម្មណ៍បិទវេទិកានេះ។

លោកបានកត់សម្គាល់ពីផលវិជ្ជមាន ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថាៈ ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេស បន្ទាប់ពីមានជំងឺរាតត្បាតជាសកល។

លោក បានមានប្រសាសន៍ថាៈខ្ញុំសូមអំពាវនាវដល់លោក លោកស្រី ឲ្យបន្តការប្តេជ្ញា ចិត្តក្នុងការគោរពសិទ្ធិកុមារ នៅក្នុងគ្រប់ទិដ្ឋភាព នៃយុទ្ធសាស្ត្រ និងប្រតិបត្តិការធុរកិច្ច របស់លោកអ្នក។ សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះនិយោជិត និងសហគមន៍របស់អ្នក និងការផ្លាស់ប្តូរ ដែលអ្នកបានបង្កើតនៅក្នុងការងាររបស់អ្នក និងនៅក្នុងទីផ្សារ អាចផ្តល់ផលវិជ្ជមាន មកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹងបន្តគាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹងមានវត្តមាននៅទីនេះជានិច្ច សម្រាប់អ្នកផងដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើត លទ្ធផលកាន់តែច្រើន នៅពេលយើងសហការគ្នា/V-PC