ដោយៈសុផល/ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន សំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.)ដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោង ខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១.៣១១ម៉ែត្រ ស្ពានទី២(កោះដាច់- កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១.០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ២៤០លាន ដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សានិងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការ សាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹកជាធាតុចូលដើម្បីធ្វើឱ្យ គម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព៕ P / N