ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ លោក ស៊ី ជីន​ភីង ធានា​បាន​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​បី​រយៈពេល​ប្រាំ​ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មីនា ក្នុង​សម័យប្រជុំ​សភា​មួយ​ដែល​អនុញ្ញាតអោយ​លោក​រឹតបន្តឹង​ការគ្រប់គ្រង​របស់​លោក​លើ​ចិន​ដែល​ជួប​ការ​ប្រឈម​កាន់តែច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​

​សមាជិក​ជិត​៣.០០០​នាក់​នៃ​សភា​ប្រជាជន​ចិន បាន​បោះឆ្នោត​គាំទ្រ​លោក​ស៊ី វ័យ​៦៩​ឆ្នាំ ជា​ឯកច្ឆន្ទ​នៅ​មហាសាល​ប្រជាជន ក្នុង​ការបោះឆ្នោត​ដែល​មិន​មាន​បេក្ខជន​ប្រជែង​សូម្បីតែ​ម្នាក់​។​

​លោក​ស៊ី បន្ត​មុខតំណែង​របស់​លោក​ចំពេល​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោ​ននិង​លោកខាងលិច​កាន់តែ​អាក្រក់​ទៅ​ដោយសារតែប​ញ្ហា​កោះ​តៃវ៉ាន់ ការ​គាំ​ទ្រ​ផ្នែក​ការទូត​របស់​ចិន​ចំពោះ​រុស្ស៊ី ពាណិជ្ជកម្ម​និង​សិទ្ធិមនុស្ស​។​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នេះ​ក៏​កំពុង​ខិតខំ​ងើប​ចេញ​ពី​ផល​អវិជ្ជមាន​នៃ​ការអនុវត្ត​វិធានការ​គ្រប់គ្រង​ជំងឺឆ្លង​តឹងរឹង​អស់បី​ឆ្នាំ ជំនឿ​ចិត្ត​មិនទាន់​មាំ​ទាំង​ក្នុងចំណោម​អ្នកប្រើប្រាស់​និង​ធុរកិច្ច គួបផ្សំ​នឹង​តំរូវការ​សកល​ខ្សោយ​សំរាប់​ការនាំចេញ​របស់​ចិន​។​

​សេដ្ឋកិច្ច​ចិន​កើន​បាន​តែ​៣​ភាគរយ​កាលពី​ឆ្នាំ​កន្លងទៅ ដែល​ជា​ការប្រតិបត្តិ​សេដ្ឋកិច្ច​អន់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ហើយ​នៅក្នុង​អង្គប្រជុំ​សភា​នេះ​ចិន​បាន​កំណត់​គោលដៅ​កំណើន​មធ្យម​គឺ​៥​ភាគរយ​សំរាប់​ឆ្នាំ​២០២៣​។​

​ស៊ី ជីន​ភីង ដែល​ទើប​ជាប់​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ធ្វើ​ការសន្យា​ជា​សាធារណៈ​ថា​នឹង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ចិន

​វី​ល​លី ឡាំ​(Willy Lam)​នៅ​អង្គការ​ទីប្រឹក្សា​អាម៉េរិក​Jamestown Foundation​បាន​និយាយថា​« នៅក្នុង​អាណត្តិ​ទី​បី​របស់​លោក លោក​ស៊ី​នឹង​ត្រូវ​ផ្តោត​លើ​ការធ្វើអោយ​សកម្ម​ក្លៀវក្លា​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។​តែ​បើ​លោក​នៅ​បន្ត​អនុវត្ត​អ្វី​ដែល​លោក​បាន​ធ្វើ គឺ​គ្រប់គ្រង​របស់​បក្ស​និង​រដ្ឋ​កាន់តែ​តឹងរឹង​ឡើង​លើ​វិស័យ​ឯកជន ហើយ​ប្រឈម​មុខ​ជា​មួយ​លោកខាងលិច ទស្សនវិស័យ​របស់​លោក​សំរាប់​ជោគជ័យ នឹង​មិន​បានការ​លើក​ទឹកចិត្ត​ទេ​»​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ លោក​ស៊ី​បាន​ជជែក​ធម្មតា​ជាមួយ​នាយក​រដ្ឋមន្ត្រី​រង់ចាំ​ចូល​តំណែង លោក លី ឈៀង​(Li Qiang) ដែល​បាន​អង្គុយ​នៅ​ខាងឆ្វេង​ជាប់​លោក​។​លោក​លី ទំនងជា​នឹង​ត្រូវ​សភា​អនុម័ត​មុខតំណែង​ចាត់ចែង​ដឹកនាំ​សេដ្ឋកិច្ច​ចិន​របស់​លោក​នៅ​ថ្ងៃ​សៅរ៍ ។​

​មន្ត្រី​ដែល​លោក​ស៊ី​គាំទ្រ​ដទៃទៀត ក៏​នឹង​ត្រូវ​សភា​បោះឆ្នោត​គាំទ្រ ឬ​តែងតាំង​សំរាប់​មុខតំណែង​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​នៅ​ចុង​សប្តាហ៍​នេះ រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសាភិបាល​ធនាគារកណ្តាល​និង​រដ្ឋមន្ត្រី ព្រមទាំង​ប្រធាន​នាយកដ្ឋាន​។​

​សម័យប្រជុំ​សភា​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ នៅ​ពេល​លោក​ស៊ី​នឹង​ថ្លែង​សុន្ទរកថា​មួយ និង​បន្ទាប់មក​នឹង​មាន​កម្មវិធី​សួរ​ឆ្លើយ​ពី​បណ្តាញ​ផ្សព្វផ្សាយ​ទៅកាន់​លោក​លី​។​

​កាលពី​ថ្ងៃ​សុក្រ សភា​ក៏បាន​ជ្រើសតាំង​លោក​ចា​វ ឡេ​ជិ​(Zhao Leji) អាយុ​៦៦​ឆ្នាំ​ជា​ប្រធានសភា​ថ្មី​របស់​ចិន និង​លោក​ហា​ន់ ចេង​(Han Zheng)​អាយុ​៦៨​ឆ្នាំ​ជា​អនុប្រធា​នា​ធិបតី​ថ្មី​។​អ្នក​ទាំង​ពីរ​មក​ពី​ក្រុម​មេដឹកនាំ​បក្ស​របស់​លោក​ស៊ី នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​៕