ប្រែសម្រួលៈបំណង(ស្ត្រេតថែស៍)៖ មនុស្សជាង១,៣២លាននាក់នៅក្នុងប្រទេសថៃបានរាយការណ៍ថាមានជំងឺនៅឆ្នាំនេះ ដោយសារកំរិតគុណភាពខ្យល់កខ្វក់មិនល្អសំរាប់សុខភាព នេះបើតាមការអោយដឹងពីនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ។
វេជ្ជបណ្ឌិត អូប៉ាស កាន់កាវីនពង់(Opas Karnkawinpong)អគ្គនាយកនៃនាយកដ្ឋាខាងលើបាននិយាយថា មនុស្សសរុប១.៣២៥.៨៣៨នាក់កើតជំងឺពាក់ព័ន្ធនឹងខ្យល់អាកាសកខ្វក់នៅថៃ គិតត្រឹមតែប្រាំថ្ងៃដំបូងនៃខែមករា។
លោកថា«ឥឡូវកំរិតធូលីតូចល្អិតនៅក្នុងបរិយាកាសហៅថាPM2.5 បានឡើងហួស៥១មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប សំរាប់បីថ្ងៃជាប់គ្នានៅ១៥ខេត្តដែលបានចាប់ផ្តើមធ្វើអោយប៉ះពាល់សុខភាពប្រជាជន»។
PM2.5 ហួស៥០មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ត្រូវចាត់ទុកថាលែងមានសុវត្ថិភាពនិងអាចបង្កជំងឺរ៉ាំរ៉ៃ ដូចជាសួតនិងបញ្ហាបេះដូង។
ខេត្តទាំង១៥ដែលមានខ្យល់កខ្វក់ប៉ះពាល់សុខភាពរួមមាន ណាន(Nan)ឈៀង ម៉ៃ( Chiang Mai)ឈៀង រ៉ៃ( Chiang Rai)ព្រះ( Phrae)ផាយ៉ាវ( Phayao)ឡាំភូន( Lamphun)ឡាំផាង( Lampang)មែ ហុង សុន( Mae Hong Son)អ៊ុតតារ៉ាឌីត( Uttaradit)សុខោទ័យ( Sukhothai)តាក (Tak)ភិតសានុលោក( Phitsanulok) ផេតចាប៊ុន( Phetchabun)ណុនថាប៊ូរី( Nonthaburi) និងក្រុងបាងកក។
សង្កាត់ទាំង៥០នៃក្រុងបាងកកប៉ះពាល់ទាំងអស់។
ក្រុងបាងកកជួបផ្សែងបំពុលបរិយាកាសខ្ពស់បំផុតនៅចុងខែមករានិងដើមខែកុម្ភៈ តែបានល្អប្រសើរបន្តិចវិញនៅពេលនេះដោយសារខ្យល់បក់មកពីទិសនិរតី
លោកអូប៉ាសបាននិយាយថា« មជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នសំរាប់សុខាភិបាលត្រូវបានបង្កើតឡើងនៅ១៥ខេត្តខាងលើនិងបន្តបើកទទួលសាធារណជននៅប្រាំមួយខេត្តទៀត»។
លោកបានបន្ថែមថាខេត្តចំនួន៣៦ក៏បានរាយការណ៍អំពីកំរិតPM2.5 ហួស៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ដែរ ។
បើតាមលោកអូប៉ាស«កំរិតPM2.5នៅឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ដោយសារតែពេលនេះសកម្មភាពយានយន្តច្រើនជាងកាលពីពីរឆ្នាំកន្លងទៅពេលដែលប្រទេសជាប់ក្នុងការរឹតត្បិតលើចរាចរណ៍មនុស្សដោយសារកូវីដ»។
លោកបានណែនាំអោយប្រជាជនជៀសវាងសកម្មភាពក្រៅផ្ទះក្នុងអំឡុងពេលនេះ និងបន្តមើលថែរសុខភាព។
នាយកដ្ឋានគ្រប់គ្រងខ្យល់កខ្វក់របស់ថៃព្យាករណ៍ថា ទីក្រុងបាងកកនិងបណ្តាខេត្តជុំវិញនឹងជួបស្ថានភាពខ្យល់អាកាសបានល្អប្រសើរឡើងបន្តិចដោយសារខ្យល់បក់មកពីទិសនិរតី តែការបំពុលខ្យល់នៅប៉ែកខាងជើងថៃអាចកាន់តែអាក្រក់ទៅ។
នៅសប្តាហ៍នេះមានអ្នកធ្លាក់ខ្លួនឈឺ១៩៦.៣១១នាក់នៅថៃដោយសារខ្យល់កខ្វក់ ដោយកើនពីចំនួន១៦១.៨៣៩នាក់កាលពីសប្តាហ៍មុន។អ្នកជំងឺផ្លូវដង្ហើម៥៨៣.២៣៨នាក់ក៏ត្រូវបានរាយការណ៍ដោយកើនពីចំនួន៨៥.៩១០នាក់កាលពីសប្តាហ៍មុន និងក៏មានអ្នកឈឺភ្នែកមានចំនួន២៤២.៨០៥នាក់ កើនពីចំនួនជាង៣៦.០០០នាក់កាលពីសប្តាហ៍មុន ។អ្នកជំងឺបេះដូងមានចំនួន២០៨.៨៨០នាក់នៅសប្តាហ៍នេះ គឺកើនពីចំនួនជាង៣៣.០០០នាក់កាលពីសប្តាហ៍មុន៕
ផ្ទៃមេឃនិងបរិយាកាសដ៏កខ្វក់នៅលើក្រុងបាងកករបស់ថៃកាលពីថ្ងៃ៧មីនា ២០២៣