ដោយៈម៉េងឆៃ/ភ្នំពេញ៖ យូនីសេហ្វកម្ពុជា និងអង្គការសង្រ្គោះកុមារ(Save the Children)ប្រចាំកម្ពុជានៅថ្ងៃទី ១០ ខែមីនាឆ្នាំ២០២៣នេះ បានរួមគ្នារៀបចំវេទិកាក្នុងរាជធានីភ្នំពេញដើម្បីប្រារឰខួបលើកទី១០នៃការប្រកាសដាក់ឱ្យ ប្រើប្រាស់ជាសាកលនូវគោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ។ គោលការណ៍ទាំងនេះ ផ្តល់ការណែនាំដល់ធុរកិច្ច ដោយដាក់បញ្ចូលសិទ្ធិកុមារទៅក្នុងយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់ពួកគេ។ តំណាងចំនួន៥០រូប មកពីវិស័យឯកជនរាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍បានចូលរួមក្នុងវេទិកានេះដើម្បីពិភាក្សាអំពីទំនួលខុសត្រូវរបស់ធុរកិច្ចទាក់ទងនឹងសិទ្ធិកុមារអបអរសាទរវឌ្ឍនភាពដែលសម្រេចបានកន្លងមកនិងឯកភាពគ្នាលើអាទិភាពសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្រ្តោះកុមារ បានឱ្យដឹងថា វាគ្មិនសំខាន់ៗនៅក្នុងវេទិកានេះ រួមមាន បណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា និងលោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា ។
ថ្លែងក្នុងឱកាសនេះ បណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា“រាជរដ្ឋា ភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ហើយនៅតែបន្ត ប្តេជ្ញាចិត្តក្នុងការការពារ និងបំពេញនូវសិទ្ធិកុមារគ្រប់រូប”។“កុមារទាំងអស់ស្ថិតក្រោមផលប៉ះពាល់ពីសកម្មភាព នៃវិស័យធុរកិច្ច មិនត្រឹមតែក្នុងនាមជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិកនិងអ្នកដឹកនាំធុរកិច្ចនាពេល អនាគតផងដែរ។គោលការណ៍ធុរកិច្ចនិងសិទ្ធិកុមារបានផ្តល់ជាមគ្គុទេ្ទសក៏ដ៏សំខាន់ខណៈរដ្ឋាភិបាលបានធ្វើការជាមួយវិស័យឯកជនដើម្បីដាក់បញ្ចូលសិទ្ធិកុមារជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ថ្ងៃនេះយើងទទួលស្គាល់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងរយៈពេលដប់ឆ្នាំខាងមុខ»។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា គោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើងដោយយូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការណែនាំសម្រាប់ធុរកិច្ចស្តីពីការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការរបស់ពួកគេ។ កុមារទទួលរងឥទ្ធិពលពីវិស័យឯកជនក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មានពីការផ្សព្វផ្សាយលក់ និងការផ្សាយពាណិជ្ជកម្មក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថានដែលពួកគេរស់នៅ និងលេងកំសាន្ត។ វេទិកានេះ គឺជាឱកាសដើម្បីលើកទឹកចិត្ត និងជំរុញធុរកិច្ចឲ្យទទួលយកការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយដាក់សិទ្ធិកុមារជាអាទិភាពរបស់គេ។
ចំណែកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វកម្ពុជាមានប្រសាសន៍ថា“ជីវិតរបស់កុមាររងផលប៉ះពាល់ពីវិស័យ ឯកជន ជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ដែលធុរកិច្ចត្រូវធ្វើសកម្មភាពយ៉ាងណាដើម្បីផ្តល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់កុមារ”។ “ការបំពេញកិច្ចសន្យារបស់គោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ចអាចសម្រេចបាន លុះត្រាណាតែមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងធុរកិច្ចរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍។”យើងអាចមានមោទនភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបានកន្លងមកដូចជាការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចការពារកុមារដោយរាជរដ្ឋាភិបាល ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ផងដែរថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ត។ នៅថ្ងៃនេះ យើងសូមអំពាវនាវដល់វិស័យសាធារណៈនិងឯកជនឱ្យបង្កើនទ្វេដងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដាក់បញ្ចូលសិទ្ធិកុមារ ជាបញ្ហាស្នូលនៃប្រតិបត្តិការធុរកិច្ច» ។
វាគ្មិនផ្សេងៗទៀតនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលសម្រេចបានកន្លងមកស្របតាមគោលការណ៍ ស្តីពីសិទ្ធិកុមារ និងធុរកិច្ច ។
គោលការណ៍នេះបានផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការតស៊ូមតិឲ្យមានច្បាប់កាន់តែរឹងមាំទាក់ទងនឹងធុរកិច្ចដែលការពារសិទ្ធិកុមារ ដោយបញ្ចុះបញ្ចូលអ្នកតាក់តែងច្បាប់ធំៗ ដូចជាសហភាពអឺរ៉ុប ជាដើម ។ ដូច្នេះសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា បានបង្ហាញនិន្នាការនីតិប្បញ្ញត្តិនៅក្នុងសហភាពអឺរ៉ុប ដែលគាំទ្រធុរកិច្ចឲ្យយល់និងរៀបចំខ្លួនដើម្បីបំពេញទំនួលខុសត្រូវ និងលក្ខខណ្ឌច្បាប់នាពេលអនាគត ។ គោលការណ៍នេះ ក៏បានគាំទ្រដល់ធុរកិច្ចធំៗនៅកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តស្មាត (Smart Axiata) ដើម្បីបង្កើនកិច្ចការពារកុមារ ដោយក្រុមហ៊ុនស្មាត បានបង្កើត និងផ្សព្វផ្សាយខ្លឹមសារអប់រំកុមារ និងឪពុកម្តាយអំពីហានិភ័យតាមប្រព័ន្ធអនឡាញ។ ក្រុមហ៊ុនស្មាត បានចូលរួមជាមួយសមាគមផលិតផលវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពដែលបានសម្រេចបានកន្លងមក បញ្ហាប្រឈមដែលបានជួបប្រទះ និងផែនការអនាគត ។
លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានថ្លែងបិទវេទិកានេះបានកត់សម្គាល់ពីផលវិជ្ជមាន ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺរាតត្បាតជាសកល។លោកបន្តថា “ខ្ញុំសូមអំពាវនាវដល់លោក លោកស្រី ឱ្យបន្តការប្តេជ្ញា ចិត្តក្នុងការគោរពសិទ្ធិកុមារនៅក្នុងគ្រប់ទិដ្ឋភាពនៃយុទ្ធសាស្ត្រ និងប្រតិបត្តិការធុរកិច្ចរបស់លោកអ្នក។ សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះនិយោជិត និងសហគមន៍របស់អ្នក និងការផ្លាស់ប្តូរដែលអ្នកបានបង្កើតនៅក្នុងការងាររបស់អ្នក និងនៅក្នុងទីផ្សារ អាចផ្តល់ផលវិជ្ជមានមកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹងបន្តគាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹងមានវត្តមាននៅទីនេះជានិច្ចសម្រាប់អ្នកផងដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើតលទ្ធផលកាន់តែច្រើន នៅពេលយើងសហការគ្នា»៕សរន / N