ដោយ ៖ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធនិងការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាព សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»/ភ្នំពេញ៖ដូចដែលយើងបានដឹងហើយថាតុលាការកាត់ទោស មេដឹកនាំខ្មែរក្រហមត្រូវបានបិទបញ្ចប់នាចុងឆ្នាំ២០២២ដោយជោគជ័យដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមចំណែកធ្វើកិច្ចការលើផ្នែកមួយនៃសំណងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយរួមបញ្ចូលទាំងអតីតខ្មែរក្រហម ដែលមានអាយុចាប់ពី ៥០ ឡើងទៅដោយគិតត្រឹមឆ្នាំ២០២២ និងចាប់ផ្តើមបើកដំណើរការជាផ្លូការនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ក្នុងដំណើរការនៃគម្រោង ក្នុងឆ្នាំ២០២៣ នេះ គឺចែកចេញជាបួនផ្នែក ទី១) វេទិការប្រជុំពិភាក្សា និងសំណេះសំណាល ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីការថែទាំសុខភាព, ទី២) វេទិកាប្រជុំពិភាក្សានិងសំណេះសំណាល ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព,ទី៣)វេទិកាអប់រំពីសុភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទី៤) វេទិការអប់រំពីការថែទាំសុខភាពមនុស្សចាស់ និងពិនិត្យសុខភាពបឋមដោយវេជ្ជបណ្ឌិត ជំនាញនៅតាមមូលដ្ឋានដែលដាច់ស្រយាល។

នៅស្រុកអន្លង់វែង គឺជាតំបន់ផ្តាច់ខ្លួនចុងក្រោយនៃការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមដើម្បីទទួលបាន សន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ដែលជាតំបន់បន្សល់ទុកនូវយុទ្ធជននិងប្រជាជនពិការពីសង្គ្រាម ដូចជា ពិការជើង ពិការដៃ ពិការភ្នែក ដោយសារការជាន់មីន និងត្រូវគ្រាប់នៅពេលប្រយុទ្ធគ្នា។

ព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំ វេទិកាពិភាក្សានិងអប់រំពីការថែទាំ សុខភាពមនុស្សចាស់ សម្រាប់ជនពិការដែលរស់នៅក្នុងស្រុកអន្លង់វែង ចំនួន២៥នាក់ ដែលក្នុងនោះមានស្រី ២នាក់ (ភាគច្រើនជនពិការជាមនុស្សប្រុសដែលជាយុទ្ធជនខ្មែរក្រហម)។

ឆាយ សុទ្ធ អាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាបពិការជើងខាងស្តាំដោយសារជាន់មីន នៅពេលធ្វើដំណើរលើខ្នងភ្នំគូលែន ក្នុងឆ្នាំ១៩៧៦ ពេលដែលដឹងថាខ្លួនពិការ គាត់មានការបាក់ទឹកចិត្តខ្លាំងមិនចង់រស់ បន្តទៀតទេដោយខ្លាចពិបាកដល់គ្រួសារមើលថែទាំប៉ុន្តែគាត់មានការលើកទឹកចិត្តពីបងប្អូននិងប្តីឱ្យខំប្រឹងតស៊ូរស់បន្តទៀតរហូត ដល់សព្វថ្ងៃ។

ពេលដែលជាន់មីន ប្តីរបស់ សុទ្ធនិងកងទ័ពពីរនាក់ទៀតបានជួយសែងគាត់ទៅព្យាបាលនៅជំរំពេទ្យខ្មែរក្រហមដែល
តាំងនៅក្នុងព្រៃលើខ្នងភ្នំគូលែន។ ថ្មីៗនេះភ្នែករបស់គាត់ខាងឆ្វេងដែលប៉ះនឹងរំសេវមីនក៏មើលលែងឃើញ ប៉ុន្តែគាត់មិនដែលបានទៅពិនិត្យភ្នែកទេ។ ចំណែកជំងឺផ្សេងទៀតមានដូចជា ទឹកនោមផ្អែម និងលើសខ្លាញ់។

សឿន ព្រំ ហៅ ម៉ែន អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ពិការជើងទាំងសងខាងដោយសារជាន់មីន នៅខាងលិចភ្នំព្រះវិហារ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៨៤។ ក្រោយពេលមានរបួសនិងពិការ គាត់យល់ថា មានការលំបាក និងជាបន្ទុករបស់គ្រួសារ។ នៅពេលដែលគាត់ពិការថ្មីៗ និងមានអាយុ២០ឆ្នាំពេលនោះសុខភាព របស់គាត់នៅល្អ និងមិនមានជំងឺផ្សេងៗទេ ប៉ុន្តែដល់ពេលគាត់មានវ័យ៤០ឆ្នាំ ជំងឺផ្សេងៗចាប់ផ្តើមកើតឡើង ដូចជា ឫសដូងបាត និងតំរងនោម។ ពេលឈឺទៅព្យាបាលនៅពេទ្យរដ្ឋ គឺគាត់ប្រើប័ណ្ណ បសសដែលមិនចំណាយប្រាក់ផ្ទាល់
ខ្លួន ប៉ុន្តែការព្យាបាលមិនទទួលបានផលលឿននោះទេ។ ពេលខ្លះគាត់ទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលឯកជន គាត់ទទួលបានលទ្ធផលល្អជាងនិងលឿនជាង។ប៉ុន្តែគាត់ចំណាយថវិកាផ្ទាល់ខ្លួនច្រើនដែលជាហេតុធ្វើឲ្យជីវភាពរបស់គាត់ធ្លាក់ចុះ។

ចំពោះចំណាប់អារម្មណ៍ក្នុងការចូលរួមវេទិកាព្រឹកនេះ អ៊ំ ពូ មីង មានសេចក្តីរីករាយនិងពេញចិត្តដោយបានទទួល ចំណេះដឹងថ្មីៗដែលពួកគាត់ពុំធ្លាប់បានដឹងពីការថែទាំសុខភាព។អ្នកចូលរួមសំណូមពរឲ្យមានការបង្កើតកម្មវិធីអប់រំពីសុខភាពដល់ជនពិការ ដូចជាពួកគាត់ឲ្យបានច្រើនដងតាមដែលមជ្ឈមណ្ឌលអាចធ្វើទៅបាន។ជាពិសេសប្រសិនបើមាន ការចុះទៅពិនិត្យសុខភាពដល់ជនពិការក្នុងមួយឆ្នាំម្តងគឺពិតជាប្រសើរដោយសារជនពិការមានការលំបាកក្នុងការធ្វើដំណើរ និងមានជីវភាពខ្វះខាត៕ សរន

វេទិកាសួរសុខទុក្ខ និងសំណេះសំណាលអំពីការថែទាំសុខភាពជាមួយជនពិការដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង