ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកផ្តល់របប គោលនយោបាយ ចំពោះជនពិការក្រីក្រ តាមសហគមន៍ ចំនួន ៤៩៨ នាក់ ក្នុងឃុំទាំង ១៣ នៃស្រុកមង្គលបូរី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះ ធ្វើនៅហាង ពិសាភោជន ផ្សារបូរីជ័យ២ ចម្ការតាដោក ឃុំឫស្សីក្រោក​ស្រុកមង្គលបូរី។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយ មានជ័យ បានឱ្យដឹងថាៈ ចាប់តាំងពីឆ្នាំ២០២០ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំប្រព័ន្ធទិន្នន័យ អត្តសញ្ញាណកម្មពិការភាព ដែលអាចប្រើប្រាស់បានទូលំទូលាយ ជាមួយវិស័យផ្សេងៗ និងបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាព ឲ្យទទួលបានអត្តសញ្ញាណប័ណ្ណ ពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ។ ពោលគឺ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យា គ្រប់គ្រងព័ត៌មានពិការភាព (DMIS) ក្នុងគោលបំណងៈ ១-រៀបចំទិន្នន័យ អត្តសញ្ញាណកម្មពិការភាព ដែលមានលក្ខណៈស្តង់ដាររួមមួយ តាមប្រព័ន្ធបច្ចេកវិទ្យា ២-គ្រប់គ្រងព័ត៌មានពិការភាពសម្រាប់ជាមូលដ្ឋាន កំណត់ក្រុមគោលដៅ ជនមានពិការភាព។

លោក ឃុន វុទ្ធី បានបន្តថាៈ ស្ថិតិជនមានពិការភាព ដែលបានមកធ្វើអត្តសញ្ញាណកម្ម ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ១៨.២១២ នាក់ ស្រី ៨.៨៤៣ នាក់ អាយុក្រោម ១៨ឆ្នាំ ចំនួន ១.០២៥នាក់ ស្រី ៤៥២ នាក់, អាយុ ១៨ឆ្នាំឡើង ចំនួន ១៧.១៨៧ នាក់ ស្រី ៨.៣៩១ នាក់។ ដោយឡែក ជនមានពិការភាព ក្នុងស្រុកមង្គលបូរី មានចំនួន ៤.៣៨៥ នាក់ ស្រី ២.២២៦ នាក់ ក្នុងនោះជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ ស្រុកមង្គលបូរី ដែលត្រូវទទួលរបបគោលនយោបាយ មានចំនួន ៤៩៨ នាក់ ក្នុងឃុំទាំង ១៣ ឃុំ (ឃុំបត់ត្រង់ ចំណោម គោកបល្ល័ង្ក ឃុំគយម៉ែង អូរប្រាសាទ ភ្នំតូច រហាត់ទឹក ឫស្សីក្រោក សំបួរ សឿ ស្រះរាំង និងឃុំតាឡំ)។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ដោយសម្ដែងនូវ ការកោតសរសើរដ៏ស្មោះ និងសូមអបអរសាទរ ចំពោះលទ្ធផលការងារ ដ៏ត្រចះត្រចង់ ទាំងឡាយ ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ ដែលបានបង្កើត គណៈកម្មការគ្រប់គ្រង របបគោលនយោបាយ ចំពោះជនពិការក្រីក្រ តាមសហគមន៍ និងអនុគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការ ក្រីក្រតាមសហគមន៍ សម្រាប់ក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានបន្តថាៈ ជនមានពិការភាព ដែលត្រូវទទួលរបបគោលនយោបាយនៅ ស្រុកមង្គលបូរី នាពេលនេះ មានចំនួន ៤៩៨ នាក់ ក្នុងនោះដែរ ជនពិការក្រីក្រកំរិតធ្ងន់ ចំនួន ៣១៦នាក់ (ទទួលរបបគោលនយោបាយ ចំនួន ១២ ខែ), កំរិតមធ្យមចំនួន ១៨២ នាក់ (ទទួលរបបគោលនយោបាយចំនួន ៦ខែ) សរុបទឹកប្រាក់ បើកផ្តល់ជូន ចំនួន ៩៧.៦៨០.០០០ ។

ក្នុងចំណោមជនមានពិការភាព ទាំង ៤៩៨ នាក់នេះ មានប្រភេទពិការ ដូចជា ពិការកាយសម្បទា ពិការ ញាណដឹង ពិការសតិបញ្ញា ពិការផ្លូវចិត្ត និងប្រភេទពិការ ផ្សេងៗទៀត ដែលបានបាត់បង់ ឬខូចខាតសរីរាង្គណាមួយ ដែលនាំឲ្យមានលក្ខណៈមិន ប្រក្រតី ដែលបណ្តាលឲ្យមានការរំខាន ដល់ជីវភាពរស់នៅ ឬសកម្មភាពនានា ប្រចាំថ្ងៃ ព្រមទាំងមានឱកាសតិចតួច ក្នុងការរកប្រាក់ចំណូល។

នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤ បានចែងថា រដ្ឋជួយ ឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិត ដើម្បីប្រទេសជាតិ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងមុំទី៣ នៃមុំទាំងបួន បានចែងលំអិត អំពីការអភិវឌ្ឍប្រព័ន្ធគាំពារ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជនពិការដែលមានជាអាទិ៍ ធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ២០១១-២០១៥ ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យ ស្ដីពីរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍៕/V/r