ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំឱ្យមានចំណតយានយន្ត សាធារណៈ និងលើកទឹកចិត្ត ដល់វិស័យឯកជន ឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍ ចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយការចតយានយន្ត តាមដងផ្លូវសាធារណៈ ហើយការសាងសង់សំណង់នានារបស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្ត ឱ្យបានគ្រប់គ្រាន់ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។
ការជម្រុញបែបនេះរបស់សម្ដេចក្រឡាហោម បានធ្វើឡើង នៅរសៀលថ្ងៃទី១០ មីនា ២០២៣ ខណៈសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានី ភ្នំពេញ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន័ថាៈ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពុះពារ អនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសចូលរួមធ្វើយ៉ាងណា ឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព និងការទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានី ភ្នំពេញ និងក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ត្រូវខិតខំរួមគ្នា ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ បង្កើនការផ្សព្វផ្សាយអប់រំដល់ សាធារណជន ឱ្យមានការយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើរទន្ទឹមនឹងការរឹត បន្តឹង ការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ ចរាចរណ៍ ឱ្យបានម៉ឺងម៉ាត់ ។ ខិតខំរៀបចំផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មនានា តាមដងផ្លូវ ឱ្យមានសណ្តាប់-ធ្នាប់ល្អ ដោយផ្តល់អាទិភាព ដល់ការរៀបចំភ្លើង និងផ្លាកសញ្ញា ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាល បានសម្រេចអនុម័ត នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលផ្ដោតសំខាន់ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវ រវាងក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគឯកជន ធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនានា ស្របតាមគោលការណ៍ ច្បាប់។ ជំរុញការអភិវឌ្ឍ ទីក្រុងប្រកបដោយចីរភាពនិងឆ្លាតវៃ ដោយរាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចដ៏ចម្បង របស់ជាតិ ។ បន្តយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីផ្តល់ ការគាំទ្រនានា ដល់យន្តការច្រកចេញចូលតែមួយ គ្រប់ថ្នាក់ ឱ្យដំណើរការប្រកបដោយ ប្រសិទ្ធភាព សំដៅទទួលបានការគាំទ្រ និងជឿទុក ចិត្តពីប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានា របស់ប្រជាពលរដ្ឋ ។ ត្រូវពង្រឹងការគ្រប់គ្រងមន្ដ្រីរាជការ បុគ្គលិកក្នុងការបំពេញការងារ ឱ្យបានត្រឹមត្រូវតាមពេលម៉ោងកំណត់។ ត្រូវខិតខំធ្វើ ការបណ្តុះបណ្តាលកសាងសមត្ថភាព ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរាជធានី ភ្នំពេញ និងជំរុញលើកទឹកចិត្តមន្ត្រី ឱ្យធ្វើការចូលរួម ក្នុងការអភិវឌ្ឍសមត្ថភាព ពិសេស សមត្ថភាពខាងព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើប ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ អង្គសន្និបាត ២ ថ្ងៃនេះ បានប្រើប្រាស់វិធីសាស្ត្រ បែងចែកក្រុមពិភាក្សា ដោយផ្តោតជា សំខាន់ទៅលើប្រធានបទចំនួន ៥ ជាលទ្ធផល គឺបានប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះ គ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពទៅលើ ទិសដៅអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០២៣ ។ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាម ក្រោយការធ្វើកំណែទម្រង់ ការគ្រប់គ្រងសំណល់រឹង-សំរាម នៅរាជធានីភ្នំពេញ ក្រុមហ៊ុនចំនួន ៣ បាននឹងកំពុង ប្រតិបត្តិការសេវាប្រមូល សម្អាត និងដឹកជញ្ចូនសំរាម ដោយជាមធ្យម ក្រុមហ៊ុនប្រមូល សំរាម-សំណល់រឹង បានប្រមាណ ៣.៣០០ តោន ក្នុងមួយថ្ងៃ ធ្វើឱ្យរាជធានីភ្នំពេញ លែងមានការកកស្ទះសំរាម នៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានទីក្រុងស្អាត។
អង្គសន្និបាត បានស្នើសុំពន្លឿនការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង ជាមួយនឹងការពង្រឹងយន្តការគ្រប់គ្រង ចំណូលពីវិស័យនេះ។ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ បើទោះបីការដោះស្រាយនេះ មិនមែនជាការកាត់សេចក្តីចាញ់ឈ្នះក្តី ប៉ុន្តែ ជាការសម្រុះសម្រួលគូភាគីវិវាទ ដោយក្នុងឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរុបចំនួន ១.៥៨៩ ករណី។
លោកអភិបាល បានបន្តថាៈ ឈរលើមូលដ្ឋានពិសោធន៍ នៃការរៀបចំកិច្ចប្រជុំអន្តរជាតិ ធំៗ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ អង្គសន្និបាត បានយកបទពិសោធន៍ ល្អៗ នៃការរៀបចំកិច្ចប្រជុំអន្ដរជាតិធំៗ នាពេលកន្លងមក សម្រាប់ធ្វើជាមូលដ្ឋាន និងបានដាក់ចេញនូវទិសដៅការងារបន្ត។
អង្គសន្និបាត បានដាក់ចេញនូវប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និង ការបន្តអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ រូមទាំងបទល្មើសផ្សេងទៀត។ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និង ប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ៕/V/R