​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​ហង្ស​ក្រហម Liverpool ក្រោយ​បំបាក់ Man U ៧-០ កាលពី​សប្តាហ៍​មុន រំពឹង​ទទួលលទ្ធផល​ល្អ​ជា​ថ្មី​នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅផ្ទះ Bournemouth ដែល​ស្ថិតនៅ​បាត​តារាង EPL នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​ទើប​ធ្លាក់​ពី UCL ចង់​បំបាក់ Nottingham ដើម្បី​រំសាយកំហឹង ហើយ Man City ក៏​ត្រូវ​ឈ្នះ Crystal Palace ផងដែរ​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ Arsenal​។​

​ការព្យាករណ៍ ៖

– AFC Bournemouth vs Liverpool

* Liverpool ឈ្នះ​៤​លើក​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួកគេ​នៅ Premier League​។​
* ហង្ស​ក្រហម​ក៏​បាន​រក្សា Clean Sheet ៥ ដង​ជាប់ៗ​គ្នា​ក្នុង Premier League ដែរ​។​
* Bournemouth ឈ្នះ​តែ​៣​ដង​ក្នុង​លី​ក​ក្នុងផ្ទះ​ក្នុង​រដូវ​កាល​នេះ​។​
* Cody Gakpo រកបាន ៣ គ្រាប់​ក្នុង​ការប្រកួត Premier League ៥ លើកចុងក្រោយ​សម្រាប់ Liverpool​។​

Bournemouth និង Liverpool មានបទពិសោធន៍​ខុសគ្នា​ខ្លាំង​ក្នុង Premier League កាលពី​ចុង​សប្តាហ៍​មុន ហើយ​គេ​មិនចាំបាច់​ទាយ​ទេ​ថា​តើ​ក្រុម​ណា​នឹង​រំពឹង​ឈ្នះ​នៅ​កីឡដ្ឋាន Vitality នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។​

​ខណៈ Bournemouth បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-២ ក្រោម​ស្នាដៃ​ក្រុម​កំពូល​តារាង Arsenal នៅ​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​សៅរ៍ បើទោះបីជា​បាន​នាំ​មុខមុន ២-០ ក៏ដោយ ក៏​ប៉ុន្តែ​ក្រុម Liverpool បាន​លុត​ដល់​ទៅ ៧-០ លើ​គូ​ប្រជែង Manchester United នៅ​កីឡដ្ឋាន Anfield ។​

​គូ​របស់​ពួកគេ​គឺជា​ការប្រកួត Premier League ដែល​គេ​ចាប់អារម្មណ៍​បំផុត​កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​គេ​អាចនិយាយបាន​ថា លទ្ធផល​សាហាវ​បែបនេះ​គឺ​បង្ក​ឱ្យ​មាន​អារម្មណ៍​ចម្លែក​សម្រាប់​អ្នកគាំទ្រ​ទាំងសងខាង​។​

​សម្រាប់ Bournemouth បើ​ទោះបីជា​ពួកគេ​លេង​ស្វិត​ជាមួយ​ក្រុម​ខ្លាំង Arsenal ក៏ដោយ ក៏​ប៉ុន្តែ​ការ​ឈ្នះ​ចុង​ម៉ោង​របស់​កាំភ្លើង​ធំ​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​នៅតែ​ជា​ភស្តុតាង​បន្ថែមទៀត​អំពី​តំបន់​ការពារ​លេច​ធ្លាយ​និង​ការខ្វះ​ការ​តាំងចិត្ត​យក​ឈ្នះ​របស់ Bournemouth ហើយ​បរាជ័យ​នោះ​បាន​ធ្វើឱ្យ​ពួកគេ​ស្ថិត​នៅ​បាត​តារាង Premier League ។​

​សម្រាប់​ក្រុម Liverpool របៀប​នៃ​ការទទួល​ជ័យជម្នះ​របស់​ពួកគេ​លើ​ក្រុម​ឡើង​ជើង Man Utd បាន​បន្ត​ជំរុញ​ទឹកចិត្ត​ពួកគេ​សម្រាប់​កៅអី​ក្នុង​ក្របខណ្ឌ Champions League ហើយ​ពួកគេ​មើល​ទៅ​កំពុងស្ថិត​លើ​មា​គា​នោះ ក្រោយ​រង​បរាជ័យ​តែ​មួយ​លើក​គត់​ក្នុង​ការប្រកួត​លី​ក​ចំនួន​៧​លើកចុងក្រោយ​។​

​ពួកគេ​មាន​សន្ទុះ​មុត​ស្រួច​ណាស់​ទល់នឹង​ក្រុម​បិសាច​ក្រហម ដោយ​កីឡាករ Cody Gakpo, Mo Salah និង Darwin Nunez សុទ្ធតែ​បាន​ស៊ុត​ចូល​ម្នាក់​២​គ្រាប់ ហើយ​អ្នកគាំទ្រ Bournemouth អាច​អាណិត​ដល់​ក្រុម Manchester United ព្រោះ​ខ្លួន​ក៏​ធ្លាប់​ចាញ់​ទក់​សាច់​បែបនេះ​នៅ​ទឹកដី Anfield កាលពីដើម​រដូវ​កាល​ផងដែរ​។​

​ត្រឡប់​ទៅ​ខែសីហា​វិញ ហង្ស​ក្រហម​បានបញ្ចប់​ការងារ​របស់​លោក Scott Parker ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​របស់ Bournemouth ជាមួយនឹង​ការ​ឈ្នះ Bournemouth ៩-០ នៅ​ទឹកដី Merseyside ដោយ​ស៊ុត​ចំ​គោលដៅ ១២ ជើង​ក្នុង​ការប្រកួត​នោះ រួមជាមួយ​នឹង​ការគ្រប់គ្រង​បាល់ ៧០ ភាគរយ​។​

​ពួក​គេ​គួរតែ​ឈ្នះ​ការប្រកួត​នេះ​ម្តងទៀត​ដោយ​ងាយស្រួល​។​

​លទ្ធផល​ទស្សនទាយ Liverpool ឈ្នះ ៣-០​។

– Tottenham Hotspur vs Nottingham

* Tottenham ឈ្នះ​ការប្រកួត​លី​ក​ក្នុងផ្ទះ​៣​លើកចុងក្រោយ ដែល​ការ​ឈ្នះ​ពីរលើក​គឺ​មាន​គម្លាត​គ្រាប់​បាល់​ឈ្នះ​២​គ្រាប់​ឡើងទៅ​។​
* Forest មាន​កំណត់ត្រា​ក្រៅ​ដី​អន់​បំផុត​ក្នុង​លី​ក​។​
* Spurs រក្សា Clean Sheet ៤​ដង​ជាប់ៗ​គ្នា​ក្នុងផ្ទះ​នៅ​គ្រប់​ការប្រកួត​ទាំងអស់​។​

Tottenham ត្រូវ​បាន​ទម្លាក់​ចេញពី​ក្របខណ្ឌ Champions League ដោយ AC Milan កាលពី​ពាក់កណ្តាល​សប្តាហ៍ ប៉ុន្តែ​អាច​បង្កើន​ឱកាស​របស់​ពួកគេ​ក្នុង​ការវិលត្រឡប់​ទៅកាន់​ការប្រកួតប្រជែង​កំពូល​របស់​ទ្វីបអឺរ៉ុប ដោយ​ការបំបាក់ Nottingham Forest នៅ​ថ្ងៃ​សៅរ៍​នេះ​។​

Spurs បាន​ជួប​ការប្រកួត​ស្វិតស្វាញ​តាំងពី​ខែ​មីនា ខណៈ​ពួកគេ​ចាប់ផ្តើម​ខែមីនា​ជាមួយ​ការធ្លាក់​ចេញពី FA Cup ក្រោម​ថ្វីដៃ Sheffield United បន្ទាប់មក​បាន​ចាញ់​ក្រុម Wolves ១-០ មុន​ពេល​ស្មើ ០-០ ជាមួយ Milan ក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង ដោយ​បញ្ចប់​ក្តីសង្ឃឹម​ទ្វីប​អឺរ៉ុប​របស់​ពួកគេ​ជាមួយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​ចាញ់ ១-០​។​

​កូនក្រុម​របស់លោក Antonio Conte មើល​ទៅ​មាន​ទំនុកចិត្ត​ទាប ប៉ុន្តែ​ការប្រកួត​ក្នុងផ្ទះ​ជាមួយ​ក្រុម​ភ្ញៀវ​ដ៏​អន់​បំផុត​ក្នុង​លី​ក មើល​ទៅ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​បញ្ឈប់​ការបាក់​ទឹកចិត្ត​នេះ និង ដើម្បី​ប្រជែង​តំណែង​កំពូល​ទាំង​បួន​របស់​ពួក​គេ​ឡើង​វិញ​យ៉ាងរឹងមាំ​។​

Tottenham មានតម្លៃ​ហាងឆេង​ទឹក​លុយ​ទាប​ក្នុងការ​ឈ្នះ​ប្រកួត​នេះ ដូច្នេះ​គួរ​យក​ហាងឆេង​ត -1 ដែល​មាន​ទឹក​លុយ​ផ្ទុះ​។​

​ក្រុម​មាន់​ខ្នាយ​មាស​ខកខាន​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​បី​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​វា​ជាការ​ព្រួយបារម្ភ​មួយ ប៉ុន្តែ​ពួកគេ​បាន​បង្កើត​ឱកាស​ជាច្រើន​នៅក្នុង​ការប្រកួត​លី​ក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម Wolves (​ស៊ុត​២២​ដង​ចំ​គោលដៅ​៦​ដង​) ហើយ​ពួកគេ​គួរតែ​ទទួល​បាន​ជោគជ័យ​ទល់នឹង​តំបន់​ការពារ​ខ្សោយ​របស់ Forest​។​

​លទ្ធផល​ទស្សនទាយ Tottenham ឈ្នះ ៣-០​។​

– Crystal Palace vs Manchester City

* Man City មិន​ស្គាល់​ចាញ់​សោះ​ក្នុង​៧​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះ​៥​ដង​។​
* City មាន Clean Sheet ត្រឹម​តែ​ម្តង​គត់​ក្នុង​ការប្រកួត​ក្រៅ​ផ្ទះ​៨​ដង​ចុងក្រោយ​។​
* Palace ស៊ុត​ចូល​២​គ្រាប់​ក្នុង​ការប្រកួត​ជើង​ទី​១​និង​នៅ​ក្នុង​ការជួបគ្នា​ថ្មីៗ​នេះ​ជាមួយ Man City​។​

Manchester City នឹង​សម្លឹង​ដាក់​សម្ពាធ​លើ​ក្រុម​កំពូល​តារាង Premier League គឺ Arsenal នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Crystal Palace សម្រាប់​ការប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍​។​

​ក្រុម​ឥន្ទ្រី​មិន​ដែល​ឈ្នះ​សោះ​ក្នុង​ការប្រកួត ១០ លើកចុងក្រោយ ហើយ​ទំនងជា​មិន​អាច​បញ្ចប់​ការ​ខ្សត់​ជ័យជម្នះ​នេះ​បានឡើយ នៅ​ពេល​ពួកគេ​ទទួល​ក្រុម​ការពារ​តំណែង​ជើងឯក​។​

​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​គឺ Manchester City ចូលមក​ក្នុង​ការប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ តែ​ធ្លាយ​គ្រាប់​បាល់ នេះ​បើ​ផ្អែក​តាម​ហាងឆេង​។​

Man City របូត​គ្រាប់​បាល់​ក្នុង​៦​ប្រកួត​នៃ​ការប្រកួត​៨​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​ពួកគេ​បាន​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ក្រៅ​ដី​៧​លើ​ក​ជាប់ៗ​គ្នា​មុន​ពេល​ទទួល​ជ័យជម្នះ ៣-០ នៅឯ​ទឹកដី Bristol City ក្នុង​ក្របខណ្ឌ FA Cup ។​

Palace បាន​ជួប​ការលំបាក​ក្នុង​ការ​រក​គ្រាប់​បាល់​នាពេល​ថ្មីៗ​នេះ ប៉ុន្តែ​ពួកគេ​តែង​មាន​ទំនោរ​ស៊ុត​ចូល​ទី​នៅពេល​ប្រឈម​មុខ​នឹង​គូប្រជែង​ល្អ​ជាង​ខ្លួន ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ថ្មីៗ​២​គ្រាប់​ទល់នឹង Manchester United ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ផង​ដែរ​ក្នុង​ការប្រកួត​ជើង​ទី​១​កាលពី​ខែ​សីហា​ទល់នឹង Man City ដូច្នេះ​មាន​ហេតុផល ដែល​ម្ចាស់ផ្ទះ​អាច​នឹង​រក​បាន​គ្រាប់​បាល់​នៅថ្ងៃនេះ​។​

Phil Foden គឺជា​កីឡាករ​មាន​ទម្រង់​លេង​ឡើង​ជាង​គេ​ក្នុង​ក្រុម Man City នាពេល​បច្ចុប្បន្ន ដោយ​រកបាន ៤ គ្រាប់​ក្នុង​ការប្រកួត ៣ លើក​ចុងក្រោយ​របស់​គេ ហើយ​រូបគេ​នឹង​អាច​មាន​លទ្ធភាព​ស៊ុត​ចូល​នៅ​ថ្ងៃ​សៅរ៍​នេះ​ជា​បន្ត​។​

​លទ្ធផល​ទស្សនទាយ Man City ឈ្នះ ៣-១៕

​ Man City ត្រូវការ​ឈ្នះ​ដើម្បី​ដាក់​សម្ពាធ​លើ Arsenal