ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាល បានបើក ការប្រកួតកីឡាប៊ូល និងប៉េតង់ ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងសម័យឌីជីថល»។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថាៈ តាមរយៈ កម្មវិធីប្រកួតនេះ លោកបានចាត់ទុកជាផ្នែកមួយ ដើម្បីបង្ហាញការគោរពសិទ្ធិស្ដ្រី ជាមួយរាជរដ្ឋាភិបាល ដ្បិតនៅកម្ពុជា មិនថាក្នុងវិស័យកីឡា គឺស្ដ្រីមានការងារគ្រប់ ទីកន្លែងមិនថាក្នុងជួររាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងវិស័យឯកជន ពោលគឺស្ដ្រីខ្មែរ មានភាពខ្លាំងពូកែ ជាក់ស្ដែងក្នុងវិស័យកីឡាទៀតសោតកីឡាការិនី តែងដណ្ដើមមេដាយ មានជូនជាតិជារឿយៗ មិនចាញ់ កីឡាករឡើយ ។
លោកបានបន្ដថាៈ នេះគឺជាការបង្ហាញភាពខ្លាំង និងភាពជឿលឿនរបស់ស្ដ្រីខ្មែរថា ពួកគាត់ក៏អាចធ្វើបាន មិនមែនដូចពាក្យគេនិយាយថា ស្ដ្រីបង្វិលចង្ក្រានមិនជុំនោះទេ ប៉ុន្ដែស្ដ្រីសម័យឌីជីថល សម័យទំនើប សម័យសន្ដិភាព គឺពួកគាត់អាចធ្វើបានជាក់ស្ដែងក្រៅពីហ្វឹកហាត់កីឡា ពួកគាត់ក៏មានភារកិច្ចធ្វើការងារផ្ទះ ធ្វើម្ហូប មើលកូន និងការងារ ជាច្រើនទៀត ដែលលើសពីអ្វី ដែលបុរសធ្វើបានទៅទៀត។
លោកបានជំរុញ និងលើកទឹកចិត្ត ឲ្យមានការគោរពឲ្យតម្លៃស្ដ្រី ពិសេសស្ដ្រី ក្នុងវិស័យកីឡា ដែលទាមទារការលើកទឹកចិត្ដខ្លាំងទោះបីទទួលបានលទ្ធផល បែបណាក៏ដោយ ព្រោះពួកគេ បានលះបង់ច្រើនណាស់ ក្នុងការជម្នះរណាំងគ្រួសារ និងសង្គម ដើម្បីវិស័យកីឡា ដើម្បីលើកមុខមាត់ប្រទេសជាតិ ពិសេស ដើម្បីត្រៀមឆ្ពោះ ទៅរកភាពជោគជ័យ ក្នុងការប្រកួត SEA GAMES ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ ៕/V-PC