ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន និងមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេន (Ursula von der Leyen)បានប្រកាសពីវឌ្ឍនភាពក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មឆ្លងសមុទ្រអាត្លង់ទិកកាលពីថ្ងៃសុក្រទី១០មីនា ហើយបានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
នៅក្នុងជំហានដែលមានកំណត់ប៉ុន្តែមាំទាំ មេដឹកនាំទាំងពីរបានប្រកាសបន្ទាប់ពីកិច្ចពិភាក្សានៅការិយាល័យពងក្រពើថាការចរចានឹងចាប់ផ្តើមលើការផ្តល់ឱ្យអ្នកផលិតរ៉ែសំខាន់ៗរបស់សហភាពអឺរ៉ុបចូលទៅកាន់ទីផ្សារអាម៉េរិកក្រោមកម្មវិធីសំខាន់របស់លោកបៃដិនដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្មដែលការពារអាកាសធាតុ។
ពួកគេក៏បានសន្យាដែរថានឹងធ្វើការសម្របសម្រួលជាទូទៅ ខណៈសេដ្ឋកិច្ចទាំងសហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុបបានងាកទៅរកវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើននិងវិស័យបៃតងផ្សេងទៀត។
លោកស្រីប្រធានគណៈកម្មការសហភាពអឺរ៉ុប បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបៃដិនក្នុងការបង្កើតការឆ្លើយតបមិនធ្លាប់មានពីមុនមកចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។
លោកបៃដិនបានប្រាប់លោកស្រីវ៉ុនដឺឡេនថា សម្ពន្ធភាពដែលគាំទ្រអ៊ុយក្រែនកត់សម្គាល់ពី “យុគសម័យថ្មីមួយ”។
ហើយក្រោយមកនៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីរបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន “គិតថាគាត់នឹងបំបែកបំបាក់ពួកយើងប៉ុន្តែយើងរួបរួមគ្នាជាងពេលណាទាំងអស់។ យើងរួមគ្នាគាំទ្រអ៊ុយក្រែនឥតងាករេជាដរាប”៕
លោកស្រីវ៉ុនដឺឡេននិងលោកបៃដិនជួបពិភាក្សានៅការិយាល័យពងក្រពើ