​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស បាន​មាន​សង្ឃដីកា​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ត្រូវបាន​ជំរុញ​ដោយ​ផលប្រយោជន៍​នៃ “​ចក្រភព​” ជាច្រើន មិនមែន​តែ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​។​

​បើ​តាម​សម្តេច​សង្ឃ​កា​តូ​លិច​ព្រះជន្ម ៨៦ វស្សា​អង្គ​នេះ ជម្លោះ​ដ៏​ឃោរឃៅ​ត្រូវបាន​បញ្ឆេះ​ដោយ “​ផលប្រយោជន៍​ចក្រពត្តិ មិនមែន​តែ​ចក្រភព​រុស្ស៊ី​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ចក្រភព​ពី​កន្លែង​ផ្សេងៗ​”​។​

​សម្តេច​បាន​បន្ថែមថា “​វា​ជា​រឿង​ធម្មតា​របស់​បណ្តា​ចក្រភព​ក្នុង​ការ​ដាក់​ប្រទេស​នានា​នៅ​កន្លែង​បន្ទាប់បន្សំ​”​។​

​នៅក្នុង​បទសម្ភាសន៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មីនា សម្តេច​ប៉ាប​បាន​សម្តែង​ការត្រៀមខ្លួន​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​។​

​សម្តេច​ប៉ាប​បាន​មាន​សង្ឃដីកា​ថា ទ្រង់​បាន​ព្យាយាម​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ជួប​ជាមួយ​លោក​ពូ​ទីន​ក្នុង​បំណង​បញ្ចប់សង្គ្រាម​បន្ទាប់​ពី​ការ​លុកលុយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស​និង​​ពូ​ទីន​បាន​ជួបគ្នា​ជាច្រើន​ដង​ហើយ​បាន​ប្រាប់​បទសម្ភាសន៍​ថា “​ពូ​ទីន​ដឹង​ថា​ខ្ញុំ​អាច​រក​បាន​គ្រប់ពេល​”​។​

​សម្តេច​ប៉ាប​បាន​បន្ថែមថា “​នៅ​ថ្ងៃទី​ពីរ​នៃ​សង្គ្រាម ខ្ញុំ​បាន​ទៅ​ស្ថានទូត​រុស្ស៊ី​នៅឯ​ហូ​លី​ស៊ី (​អង្គការ​រដ្ឋបាល​កណ្តាល​របស់​សាសនា​គ្រិស្ត​) ដើម្បី​និយាយ​ថា ខ្ញុំ​សុខចិត្ត​ទៅ​ទីក្រុង​មូ​ស្គូ ប្រសិនបើ​ពូ​ទីន​ផ្តល់​​ឱកាស​ឱ្យ​ខ្ញុំ​ចរចា​”​។​

“​លោក​ឡាវ​រ៉ូវ​បានសរសេរមក​ខ្ញុំ​ដោយ​និយាយថា សូម​អរគុណ ប៉ុន្តែ​ឥឡូវនេះ​មិនទាន់​ដល់​ពេល​ទេ​។ ពូ​ទីន​ដឹង​ថា​ខ្ញុំ​អាច​រក​បាន​គ្រប់ពេល​។ ប៉ុន្តែ​មាន​ផលប្រយោជន៍​ចក្រពត្តិ​នៅ​ទីនោះ​មិន​ត្រឹមតែ​ចក្រ​​ភព​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ចក្រភព​ផ្សេងទៀត​ដែរ​។ វា​ជា​រឿង​ធម្មតា​របស់​ចក្រភព​ដែល​ដាក់​ប្រទេស​នានា​នៅ​កន្លែង​បន្ទាប់បន្សំ​”៕

សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស​