ដោយៈសុផល/កំពង់ធំ៖វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើនហើយនឹងក្លាយជាខេត្តគោលដៅនៃការបណ្ដុះបណ្ដាលកីឡាករឱ្យមានទេពកោសល្យល្អៗដើម្បីចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិនៅពេលអនាគត។ នេះតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។នេះជាការរំលេចឱ្យឃើញលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី ១១ខែមីនាឆ្នាំ២០២៣នេះ។
លោក វ៉ាត់ ចំរើន (រូបថតហ្វេសប៊ុកក្រសួងទេសចរណ៍)
សូមជម្រាបថា នាឱកាសអបអរបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត”ប្រភេទកីឡា ដែលប្រកួតនិងលេងកម្សាន្តមានប្រាំមួយប្រភេទ គឺបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុរត់ប្រណាំង និងប្រដាល់គុនខ្មែរ។នៅយប់ថ្ងៃទី១០ខែមីនាការប្រកួតកីឡាទាំងអស់គឺត្រូវបានបញ្ចប់ជាផ្លូវការហើយដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តខេត្តកំពង់ធំ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ប្រភពដដែលបន្តថា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡាប្រាំមួយប្រភេទនេះសរុបអ្នកចូលលេងតែម្តងមានរហូតដល់ទៅ ជិត១០០០នាក់ទៅហើយ ដែលវាបានបង្ហាញឱ្យឃើញថា សកម្មភាពកីឡាបានផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលនិងសាមគ្គីភាពនៃ ភាពសុខដុមរមនាក្នុងសង្គម។សកម្មភាពកីឡារយៈពេលបីថ្ងៃនេះគឺបានជំរុញទឹកចិត្តអ្នកលេងនិងអ្នកទស្សនាឱ្យសប្បាយរីករាយ និងអធិកអធមខ្លាំង។
លោកបានវាយតម្លៃខ្ពស់ចំពោះហេដ្ឋាចរនាសម្ព័ន្ធកីឡាដែលជាស្នាដៃបង្កើតឡើងដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត និងបានជួយដល់សង្គមជាតិ ជួយដល់យុវជនផងដែរ។លោកជឿជាក់ថា វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើនហើយនឹងក្លាយជាខេត្តគោលដៅនៃការផលិតបាននូវធនធានមានទេពកោសល្យល្អៗគ្រប់ប្រទេសកីឡាចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិលើកកិត្យានុភាពជាតិលើឆាកអន្តរជាតិនៅពេលអនាគត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមីនាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំនិងក្រសួងទេសរចណ៍បាននាំយកប្រភេទកីឡាប្រកួតនិងសម្តែងប្រាំមួយប្រភេទកីឡាមកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងនោះមាន ៖ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុ រត់ប្រណាំង និង ប្រដាល់គុនខ្មែរ៕សរន
(រូបថតហ្វេសប៊ុកក្រសួងទេសចរណ៍)