ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត ក្រុង (City Bus) បានប្រើប្រាស់រថយន្តក្រុង ចំនួន ៦០ គ្រឿង ដោយមានអ្នកជិះ ចំនួនជាង ១ លាននាក់ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅក្នុងរាជធានី ភ្នំពេញ។
ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើង នៅថ្ងៃទី៩ និងទី ១០ ខែមីនា ឆ្នាំ២០២៣ នេះ លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ប្រើប្រាស់រថយន្តក្រុង ចំនួន ៦០ គ្រឿង មានចំនួន ៤ ខ្សែរត់ មានអ្នកជិះសរុបចំនួន ១.៣៨១.៣៧៦នាក់ ក្នុងនោះ អ្នកជិះថេយន្តក្រុងបង់ប្រាក់ ចំនួន ៣៦៨.២២១ នាក់ អ្នកជិះរថយន្តក្រុងមិនបង់ប្រាក់ ចំនួន ១.០០០.៩៦៧ នាក់, អ្នកជិះកាណូតបង់ប្រាក់ ចំនួន ២.០៧២ នាក់ អ្នកជិះកាណូតមិនបង់ប្រាក់ ចំនួន ១០.១១៦ នាក់។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ រថយន្តក្រុង ចំនួន ២០០ គ្រឿងទៀត ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូន សាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត៕/V/R