ដោយ: បូកគោ / កំពត: ក្រសួងទេសចរណ៍ បានប្រកាសជាផ្លូវការ ដាក់ក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សេងបារី។ នេះជាក្រុងដំបូងគេរបស់កម្ពុជា ដែលទទួលបាន ពានរង្វាន់លំដាប់ខ្ពស់ ហើយមានការទទួលស្គាល់ និងគាំទ្រពីអង្គការអន្តរជាតិជាច្រើន។ ទាំងនោះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសជាផ្លូវការ នូវក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី និងភ្ជាប់ជាមួយការដង្ហែពានជ័យលាភី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងពិធីខាងលើ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមាន ប្រសាសន៍ថាៈ កន្លងមក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋខេត្តកំពត បានខិតខំអនុវត្តដោយលើកកម្ពស់ ជាសាធារណៈនូវ បរិស្ថានគ្មានផ្សែងបារី យ៉ាងល្អប្រសើរ។ កត្តានេះហើយ ទើបធ្វើឱ្យក្រុងកំពត ទទួលបាន ពានរង្វាន់ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ដំបូងគេរបស់កម្ពុជា ដែលមានការទទួល ស្គាល់ ពីសហព័ន្ធត្រួតពិនិត្យគុណភាពថ្នាំជក់អាស៊ីអគ្នេយ៍ និងអង្គការសុខភាពពិភព លោក ផងដែរ។

ពាក់ព័ន្ធករណីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ ជាកិត្តិយសដ៏ធំធេង សម្រាប់ខេត្តកំពត ដែលទទួលបានពានរង្វាន់ ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី មុនគេ ស្របពេលដែលឆ្នាំ២០២៣ ខេត្តកំពត ក៏ទទួលបានពានរង្វាន់ ទីក្រុងស្អាត ផ្ការំដួលបីទងផងនោះ។

ឆ្លើយតប នឹងបញ្ហានេះ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមស្នើដល់ថ្នាក់ដឹកនាំ គ្រប់ភាគី ពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត បន្តចូលរួមឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីខេត្តកំពត អាចបន្តទទួលពានរង្វាន់ផ្សេងៗ នាពេលខាងមុខ៕/V/R