ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ផ្លូវបេតុងថ្មី ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុច ទ្វារទឹកគីឡូម៉ែត្រលេខ៩ ទៅជាប់ជាមួយមហាវិថី ៣០ម៉ែត្រ មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមអនុវត្ត ដោយមន្ទីរសារធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថាៈ គម្រោងសាងសង់ផ្លូវបេតុង តភ្ជាប់ពីផ្លូវជាតិលេខ៥ នៅត្រង់ចំណុចទ្វារទឹក គីឡូម៉ែត្រលេខ៩ ទៅជាប់ជាមួយមហាវិថី ៣០ ម៉ែត្រ មុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាគម្រោងរបស់រដ្ឋបាល រាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្ត ដោយមន្ទីរសាធារណការ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌ បាននិយាយឱ្យដឹងទៀតថាៈ ផ្លូវដែលមានប្រវែងជាងមួយគីឡូម៉ែត្រ នេះ នៅក្នុងប្លង់ មានពីរទំហំ ដោយចាប់ពីផ្លូវជាតិលេខ៥ ដល់មុខសាលាកីឡា មានទទឹង ១០ ម៉ែត្រ ស្របនឹងប្រឡាយទ្វារទឹក គីឡូម៉ែត្រលខ៩ ដែលកំពុងដំណើរការសាងសង់ ស្ថានីយ បូមទឹកថ្មី ដោយរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីចំណុចសាលាកីឡា ដល់មហាវិថី ៣០ ម៉ែត្រ មុខក្រសួងរៀបចំដែនដី មានទទឹង ៣០ ម៉ែត្រ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថាៈ នៅសងខាងប្រឡាយទ្វារទឹក គីឡូម៉ែត្រលេខ៩ ដែលកំពុងសាងសង់ស្ថានីយបូមទឹកថ្មី ជាមួយប្រឡាយបេតុង ដោយនៅសងខាងមាត់ ប្រឡាយ មានគម្រោងសាងសង់ ផ្លូវបេតុងម្ខាង ១០ ម៉ែត្រ។ គម្រោងនេះ មានផលប៉ះ ពាល់ ប្រជាពលរដ្ឋ ចំនួន ២៨ គ្រួសារ រដ្ឋបាលខណ្ឌ សង្កាត់ កំពុងធ្វើការសម្របសម្រួល ដោយផ្តល់ទីតាំងថ្មី ជូនដល់ពួកគាត់៕/V/R