ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធី បុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នោះ សភាពការណ៍សន្តិសុខ មានលក្ខណៈល្អប្រសើរ។

ក្នុងឱកាសពិធីបុណ្យខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងដោយផ្ទាល់ ចុះត្រួតពិនិត្យតាមបណ្តាគោលដៅ សំខាន់ៗ ដើម្បីពង្រឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក៏ដូចជា ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញចូលរួមដើរលេងកម្សាន្ត ក្នុងពិធីបុណ្យទន្លេនេះ ។ ជាមួយគ្នានោះដែរ តម្រាយផ្លូវតភ្ជាប់នីមួយៗ នៅទីប្រជុំជន ត្រូវបានដាក់ពង្រាយកងកម្លាំង ជួយសម្រួលចរាចរណ៍ បញ្ចៀសការកកស្ទះ របស់អ្នកធ្វើដំណើរ ដោយឥរិយាបថសុភាពរៀបសារ ទន់ភ្លន់ រួសរាយរាក់ទាក់។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ថាៈ រយៈពេល ៣ ថ្ងៃ កន្លងទៅនេះ សភាពការណ៍សន្ដិសុខ មានលក្ខណៈល្អប្រសើរ ពុំមានហេតុការណ៍អ្វី កើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ដែលបង្កបរិយាកាស សោមនស្សរីករាយក្រៃលែង និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រតិភូ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញចូលរួមទស្សនាកម្សាន្ត តាមកម្មវិធីនានា នៃពិធីបុណ្យទន្លេ ដូចជា ការផ្សាយបន្តផ្ទាល់ នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី បាញ់កាំជ្រួច, មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិភេសជ្ជៈគ្រប់ប្រភេទ តាំងពិពរណ៍, សកម្មភាពកីឡា ដើម្បីអបអរសាទរ។

ទោះបីជាសភាពការណ៍ មានលក្ខណៈល្អប្រសើរក៏ពិតមែន ប៉ុន្តែលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួម៖ ១-ការពារសន្តិភាព ស្រឡាញ់សន្តិភាព ប្រឆាំងដាច់ខាតរាល់ឧបាយកល របស់ជនអគតិមួយចំនួន ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, ២-ចូលរួមគោរពអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់៕ V / N