ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួត បាល់ទាត់ បាល់ទះ នៅលើឆ្នេរខ្សាច់ ដងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានលើកឡើង ក្នុងឱកាសនោះថាៈ អស់រយៈពេលជាច្រើនថ្ងៃ ដែលក្រុមកីឡាបានអញ្ជើញមកពីក្រុងស្រុក និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំអស់ពី កម្លាំងកាយកម្លាំងចិត្ត ក្នុងការប្រកួតដើម្បីដណ្ដើមយកពានរង្វាន់ ក្នុងពិធីអបអរបុណ្យ ទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងទៅអនាគត”។ ជាក់ស្ដែង សម្រាប់ថ្ងៃនេះ ក្រុមកីឡាករបាល់ទាត់ និងបាល់ទះ ដែលត្រូវប្រកួត ដើម្បី ដណ្ដើមយកលេខ១ លេខ២ និងលេខ៣ ដោយមានភាពសហការគ្នា សាមគ្គីភាព និងមានការអធ្យាស្រ័យឱ្យគ្នា ទៅវិញទៅមក។
លោក វ៉ាត់ ចំរើន ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ក្រុមកីឡាករទាំងអស់ តែងតែចំណាយពេលវេលា ខិតខំហ្វឹកហាត់ និងមានការអត់ធ្មត់ ដើម្បីឲ្យវិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើន ពិសេសគឺ កីឡានាំមកនូវសុខភាព ក្នុងនោះ ក៏បានជំរុញបន្ថែមដល់ ប្រធានក្រុមកីឡាករទាំងអស់ រក្សាសាមគ្គីភាព តស៊ូគ្រប់ឧបសគ្គ និងរៀបចំផែនការ សម្រាប់ធ្វើការប្រកួត នៅតាមមន្ទីរ អង្គភាព និងខេត្ត ក្រុង បន្តទៀត ដើម្បីឲ្យវិស័យកីឡា មានភាពរីកចម្រើន។
គួរបញ្ជាក់ផងដែរថា វគ្គផ្ដាច់ព្រាត់លទ្ធផលកីឡាបាល់ទះ លេខ១ បានទៅលើកងរាជ អាវុធហត្ថខេត្តកំពង់ធំ លេខ២ បានទៅលើរដ្ឋបាលស្រុកស្ទោង និងលេខ៣ បានទៅលើ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក។ សម្រាប់លទ្ធផលក្រុមកីឡាបាល់ទាត់ លេខ១ បានទៅលើស្នងការដ្នាននគរបាលខេត្តកំពង់ធំ លេខ២ បានទៅលើរដ្ឋបាលស្រុកសន្ទុក និងលេខ៣ បានទៅលើរដ្ឋបាលស្រុកសណ្ដាន់៕ V / N