ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បន្តតម្លើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ស្តុប) នៅលើមហាវិថី ៣០ ម៉ែត្រ មុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មួយគោលដៅទៀត មុននឹងទៅតម្លើងនៅចំណុចមហាវិថីឈ្នះឈ្នះ កែងនឹងមហាវិថី ៣០ ម៉ែត្រ ខាងលិច គល់ស្ពានព្រែកព្នៅ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ នៅតំបន់នោះ ដែលតែងតែមានការកកស្ទះ ជាញឹកញាប់ នាំឱ្យចំនួនគោលដៅ ភ្លើងសញ្ញាបញ្ជាចរាចរណ៍ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កើនដល់ជិត ១២០ កន្លែង។

លោក ជា សុវ៉ាន់ ប្រធានការិយាល័យបំភ្លឺសាធារណៈ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថាៈ ភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ស្តុប) មួយគោលដៅទៀត កំពុងត្រូវបានតម្លើង នៅលើមហាវិថី ៣០ ម៉ែត្រ​ត្រង់ចំណុចផ្លូវបំបែកចូលក្រុងរណប ហ្ក្រេនភ្នំពេញ មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាកន្លែងមាន ចរាចរណ៍ កាន់តែមមាញឹក បន្ទាប់ពីផ្លូវនៅចំណុចនេះ បានសាងសង់រួច ដោយរដ្ឋបាល រាជធានីភ្នំពេញ។

នៅលើមហាវិថី ៣០ ម៉ែត្រ ភ្ជាប់ចរាចរណ៍ ពីរង្វង់មូលកាំកូស៊ីធី រហូតដល់មហាវិថី ឈ្នះឈ្នះ ខាងលិចគល់ស្ពានព្រែកព្នៅ លោក ជា សុវ៉ាន់ បានបញ្ជាក់ថាៈ មានភ្លើង សញ្ញាបញ្ជាចរាចរណ៍ ចំនួនបួនកន្លែង ក្នុងនោះចំនួន ២ កន្លែង បានតម្លើងរួច នៅរង្វង់មូលកាំកូ មួយកន្លែងនៅផ្លូវបំបែក ទៅផ្សារអ៊ីអន និងមួយកន្លែង កំពុងតម្លើង នៅមុខហ្ក្រេនភ្នំពេញ។ ឯមួយគោលដៅទៀត នៅចំណុចកែងនឹងមហាវិថីឈ្នះឈ្នះ ដែលមានចរាចរណ៍មមាញឹកគ្រប់ពេលនោះ ក៏ត្រូវតម្លើងដែរ តែមិនទាន់មានថវិកា សម្រាប់តម្លើងនៅឡើយទេ។

លោក ជា សុវ៉ាន់ បាននិយាយឱ្យដឹងទៀតថាៈ ភ្លើងសញ្ញាបញ្ជាចរាចរណ៍ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សព្វថ្ងៃនេះ មានចំនួនជិត ១២០ គោលដៅ ដែលបាន តម្លើងរួច និងកំពុងដំណើរការប្រើប្រាស់ រាល់ថ្ងៃ និងនៅមានគោលដៅជាច្រើនទៀត កំពុងសិក្សា ដើម្បីលើកគម្រោងតម្លើង ដើម្បីសម្រួលចរាចរណ៍៕ V / N