ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញ៖ តាមរយៈពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ(ពីថ្ងៃ៨-១០មីនា)លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ពីសកម្មភាពចូលរួមទស្សនារបស់ប្រជាពលរដ្ឋយ៉ាងកុះករសកម្មភាពទិញ លក់ ផលិតផលក្នុងស្រុក នៅស្ដង់ពិព័រណ៍ អមដោយការសម្ដែងសិល្បៈ របាំ ចម្រៀង តន្ត្រីសម័យ ការប្រកួតនិងលេងកីឡាព្រមជាមួយទស្សនីយភាពជាច្រើន ទៀតសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនាឱកាសពិធីបុណ្យនេះ។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍បង្ហាញលើបណ្តាញសង្គមផ្លូវការរបស់ក្រសួងនៅព្រឹកថ្ងៃទី១១ខែមីនា។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ក្នុងកម្មវិធីបិទពិធីបុណ្យទន្លេលើកទី៧ រាត្រីថ្ងៃទី១០ ខែមីនាថាទេសចរណ៍គឺជាការនាំ ចេញនៅនឹងកន្លែងពីព្រោះកាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺមានការចូលរួមផ្សព្វផ្សាយពីសឹងគ្រប់វិស័យ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសហគ្រាស, វិស័យបរិស្ថាន សហគមន៍, វិស័យវប្បធម៌ សិល្បៈ, វិស័យកីឡា ព្រមទាំងការអប់រំ ណែនាំ ផ្សព្វផ្សាយជាច្រើនទៀត។
លោកបន្តថា វិស័យទេសចរណ៍ជាអ្នកលក់, វិស័យកសិកម្ម គឺជាអ្នកផលិត, វិស័យបរិស្ថាន គឺជាអ្នកផលិតផង និងការពារផង, រីឯវិស័យវប្បធម៌គឺជាការពារផងនិងផ្សព្វផ្សាយផង។ដូច្នេះការផ្សព្វផ្សាយផលិតផលទាំងនោះគឺតាមរយៈព្រឹត្តិការណ៍ទេសចរណ៍នេះឯង។ការអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានាគឺខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍកសិកម្ម វិស័យបរិស្ថាន វិស័យវប្បធម៌។ លោករំលេចថាសម្ដេចតេជោនាយករដ្ឋមន្ត្រីតែងមានប្រសាសន៍រាល់ពេលថាទេសចរណ៍គឺជាការ នាំចេញនៅនឹងកន្លែងផលិតផលទាំងអស់គឺយកមកដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដើម្បីឱ្យប្រជាជនទិញប្រើប្រាស់បាន។
លោករដ្ឋមន្រ្តីបានបន្តថា វិស័យវប្បធម៌ គឺពង្រឹងការគ្រប់គ្រងតំបន់បេតិកភណ្ឌ សហគមន៍របស់ប្រជាពលរដ្ឋ របស់របរប្រើប្រាស់ជាប្រពៃណី ពង្រឹងសមត្ថភាពការសម្ដែងរបស់ក្រុមសិល្បៈ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិតាមរយៈព្រឹត្តិការណ៍ទេសចរណ៍។
លោកបានបន្ថែមដែរថា ប្រទេសកម្ពុជាមានសក្ដានុពលវប្បធម៌យ៉ាងច្រើន ទាំងវប្បធម៌រូបី-អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងភាពសម្បូរបែបផ្សេងទៀតនៃវិស័យវប្បធម៌ខ្មែរ។ កម្ពុជាគឺមានបណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោកនៅជាប់ៗគ្នា ដែលមិនមានប្រទេសណាងាយមានដូចនោះទេ។
វិស័យបរិស្ថានក៏ដូច្នេះដែរ កាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយផលិតផលរបស់សហគមន៍ព្រៃឈើ សហគមន៍អេកូទេសចរណ៍ និងសហគមន៍ផ្សេងទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងអង្គការនានា។ ព្រឹត្តិការណ៍ទេសចរណ៍ក៏ជាឱកាសសម្រាប់អប់រំ ណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន និស្សិតសិស្សានុសិស្សឱ្យចូលរួមថែរក្សាការពារព្រៃឈើ បរិស្ថាន អនាម័យ ភាពបៃតង ការទុកដាក់សំរាមនិងកាកសំណល់ ពីព្រោះភាពស្អាតជាភាពទាក់ទាញមួយ។ចំពោះរដ្ឋបាលខេត្តម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នីមួយៗក៏ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ តុបតែងរៀបចំសោភ័ណភាព និងអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ។ នេះបើតាមការបន្ថែមរបស់លោករដ្ឋមន្ត្រីទេសចរណ៍។
គួរជម្រាបថា នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់នៅតាមស្ដង់ពិព័រណ៍ដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។លោករដ្ឋមន្ត្រី ថោង ខុន និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានកត់សម្គាល់ដែរថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើននឹងផលិតផលក្នុងស្រុកយ៉ាងខ្លាំងដែរ ដោយពួកគាត់កាន់តែស្គាល់ពីឈ្មោះផលិតផល ដឹងពីគុណភាពប្រើប្រាស់ រួមជាមួយតម្លៃសមរម្យ សន្សំសំចៃជាងការទិញទំនិញនាំចូល៕សរន / N