ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអំពាវនាវដល់បណ្ដាក្លិបដែលជាសមាជិករបស់សហព័ន្ធទាំងអស់ ត្រូវចាប់ផ្ដើមពង្រឹងការបណ្ដុះបណ្ដាល យុវជនថ្នាលបន្ដវេន ពិសេសត្រូវផ្ដោតសំខាន់ លើកកម្ពស់ដើម្បីផលិតបានធនធាន ប្រកបដោយសក្ដានុពល ត្រៀមការប្រកួតប្រជែង លើឆាកអន្ដរជាតិ ។

ជាមួយនឹងការប្រកាសឲ្យបណ្ដាក្លិបទាំងអស់ ពង្រឹងថ្នាលនោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ ក៏បានប្រកាសជ្រើសរើសកីឡាបាល់ទះបន្ដវេន អាយុក្រោម ១៨ ឆ្នាំ វិញ្ញាសាបាល់ទះ ក្នុងសាលផ្នែកបុរស ដោយគ្រោងនឹងឈប់ទទួល ពាក្យ នៅថ្ងៃទី៣១ ខែមីនា ខាងមុខ ។

ជុំវិញការជ្រើសរើសកីឡាករ U18 របស់សហព័ន្ធខាងលើវិញ ត្រូវមានលក្ខខណ្ឌមួយចំ
នួន ត្រូវមានសញ្ជាតិខ្មែរ មានអាយុចន្លោះ ១៤ ឆ្នាំ ទៅ ១៧ ឆ្នាំ និងមានកម្ពស់ចាប់ពី ១,៨៥ ម៉ែត្រឡើងទៅ ។ លោកបានបញ្ជាក់ថាៈ ការជ្រើសរើសបែបនេះ គឺដើម្បីទទួល បានធនធានបន្ដវេនផង និងត្រៀមការប្រកួតពានរង្វាន់ U18 ក្នុងករណីមានការប្រកួត ផង។

ការកំណត់កម្ពស់ក្នុងកម្រិតអាយុនេះ មានន័យថា ឱកាសលូតលាស់របស់កីឡាករ នៅ
ខ្ពស់បន្ថែមទៀត ហើយក្នុងករណីកីឡាករ ជាប់ក្នុងការធ្វើតេស្ដ ពួកគេមិនត្រឹមទទួល បានឱកាសហ្វឹកហាត់កីឡាបាល់ទះ កម្រិតខ្ពស់នោះទេ គឺថែមទាំងទទួលបានឱកាស សិក្សារៀនសូត្រធម្មតាទៀតផង ដើម្បីពួកគេមានលទ្ធភាពប្រកបអាជីពផ្សេងៗ បន្ទាប់ពីចូលនិវត្ដន៍ ពីអាជីពកីឡាករ ៕ V / N