ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្ត, មន្ត្រីសាលាខេត្ត , លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោកគ្រូ ឌួង លីរ ព្រះជន្ម ៨៣ វស្សា ដែលមានជំងឺជរាពាធ សម្រាកនៅផ្ទះ នៅផ្លូវជាតិលេខ៥ ភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមក្រុមគ្រួសារ បានប្រាប់កាសែតរស្មីកម្ពុជាថាៈ លោកគ្រូ ឌួង លីរ ជាអតីតគ្រូ គណិតវិទ្យា នៅអនុវិទ្យាល័យភវវរ្ម័នទី២ ដែលក្រោយមកប្តូរឈ្មោះជាអនុវិទ្យាល័យ – វិទ្យាល័យមង្គលបូរី ហើយចូលនិវត្តន៍ នៅចុងទសវត្សន៍ទី៩០។ ក្នុងចំណោមកូនៗ របស់លោកគ្រូ បានបន្តឈាមជាគ្រូ ភាគច្រើន ហើយរស់នៅក្នុងជីវភាពសាមញ្ញ តាមធនធានដែលមាន ។
តមក និងចុងក្រោយ លោកគ្រូ បានសាងផ្នួសជាព្រះសង្ឃ នៅវត្តទឹកជុំបរមគង្គារ បន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី រហូតដល់អាពាធ ១ថ្ងៃ កាត់ ១ថ្ងៃកោរ និងពេលនេះធ្ងន់ធ្ងរ ត្រូវសម្រាកតែលើកន្ទេល ក្នុង ២ ខែកន្លងមកនេះ ។
ដំណឹងនេះ បានសាយភាយដឹងដល់អតីតសិស្ស សិស្សគណ ហើយពួកគេបានលៃពេល ទៅសួរសុខទុក្ខ និងផ្តល់ជាថវិកា សម្ភារ:ម្ហូបអាហារ ថ្នាំសង្កូវ និងសេវាព្យាបាល ប៉ុន្តែឱសថ ហាក់មិនជល់នឹងជំងឺឡើយ ។ លោកគ្រូ មានសភាពស្គមស្គាំងពិបាកច្រើន លើឥរិយាបថ ដែលមានជាប្រក្រតី ។
នាឱកាសនៃការសួរសុខទុក្ខគ្រូបាធ្យាយនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានផ្តល់ថវិកា ៥០០ ដុល្លារ ដល់លោកគ្រូ លោក ថោង ច័ន្ទរឹទ្ធី នាយករង រដ្ឋបាលសាលា ១០ ម៉ឺនរៀល…និងក៏បានសម្របសម្រួលផ្តល់ថ្នាំ និងសេវាពេទ្យ បន្ថែមផងដែរ ៕ V / N